(កំពង់ធំ)៖ លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចផ្តល់ជូនគ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៧គ្រួសារ និងរបួសម្នាក់ ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនី កាលពីវេលាម៉ោងប្រមាណ ១២៖២៥នាទី ថ្ងៃទី១៣ ខែកុម្ភៈ ក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ឈុន សារ៉ន បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ សូមចូលរួមសោកស្តាយនូវការបាត់បង់ ទ្រព្យសម្បត្តិសម្ភារៈទាំងអស់នេះ ពិសេសថ្នាក់ដឹកនាំតែង បានចាត់តំណាងចុះអន្តរាគមន៍នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះទាន់ពេលវេលា គឺលោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ។

លោកប្រធានមន្ទីរ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែសណាមួយ ដូច្នេះមុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនីត្រូវរកអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវ។ ជាមួយគ្នានោះត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥ គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ តង់១ កន្ទេល១៕