(កំពង់ធំ)៖ លោក លី វេត អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យផលិតករក្នុងស្រុកត្រូវប្រឹងប្រែងពង្រឹងគុណភាព សុវត្ថិភាពការវិចខ្ចប់ប្រកបដោយអនាម័យ និងដាក់ស្លាកថ្ងៃផលិតឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

លោក លី វេត បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ។

លោកបានថ្លែងអំណរគុណអង្គសិក្ខាសាលាថ្ងៃនេះ នឹងបានកោតសសើរដល់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនឹងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» និងសាខា «ក.ប.ប» ខេត្តកំពង់ធំ ដែលបានផ្តួចផ្តើម សិក្ខាសាលានេះឡើង។

លោកបន្តថា កន្លងមកការអភិវឌ្ឍខេត្តទាំងមូលយើងកំពុងជំរុញវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ សិប្បកម្ម ហិរញ្ញវត្ថុ ធនាគារ សេវាដឹកជញ្ជូន សុខាភិបាល សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផ្សេងៗទៀតមានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។

ដូច្នេះផលិតករក្នុងស្រុកត្រូវប្រឹងប្រែងពង្រឹងគុណភាព សុវត្ថិភាព ការវិចខ្ចប់ ប្រកបដោយអនាម័យ និងដាក់ស្លាកថ្ងៃផលិតឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នឹងតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាមួយតម្លៃល្អ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ កិច្ចការទាំងអស់នេះពិតជាត្រូវការពេលវេលានឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពីសំណាក់ផលិតករ ពាណិជ្ជករ កត្តាដែរមិនអាចខ្វះបានទៀតនោះ គឺការចូលរួមគាំទ្រទិញផលិតផលខ្មែរពីប្រជាជនយើង ដើម្បីឲ្យផលិតផលក្នុងស្រុកមានភាពប្រកួតប្រជែង និងពង្រីងការធ្វើទំនើបកម្មផលិតផលរបស់ខ្លួនបាន។

លោកបានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារ:សំខាន់ណាស់ មានប្រយោជន៍ចំពោះបងប្អូនអាជីវករ អ្នកទទូលខុសត្រូវផ្ទាល់ការផលិតចែកចាយការលក់ និងស្ថាប័នពាក់ព័ន្ទមួយចំនួនផងដែរ ដើម្បីទទួលបាន បទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមទៀតស្តីពីបទបញ្ញតិពាក់ព័ន្ធនានាអំពីច្បាប់សុវត្ថិភាពចំណីអាហារ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវតែគោរពឲ្យបានម៉ឹងម៉ាត់ក្នុងការចូលរួមការពារផលប្រយោជន៍ និងសុខភាពប្រើប្រាស់ពិសេសប្រជាពលរដ្ឋដែលពិសារស្រាទាំងអស់ពិសារដោយការទទួលខុសត្រូវ៕