(បន្ទាយមានជ័យ)៖ ក្រោយទទួលបានព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោង៤ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ហើយបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃ៣នាក់។
មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ជនជាតិថៃទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ សូឆាត អនរ៉ាឈុល ហៅត អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
*ទី២៖ ឈ្មោះ ផុងសាកន ក្វាន់អ៊ួន ហៅទឺន អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
*ទី៣៖ ឈ្មោះ ប៉ាន់យ៉ា ដេតសុផា ហៅសៃហ្វា អាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖
*ទី១៖ គ្រឿងញៀនប្រភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,០២ក្រាម
*ទី២៖ ទូរស័ព្ទ ចំនួន០៤គ្រឿង
*ទី៣៖ នាឡិកាដៃចំនួន០២គ្រឿង
*ទី៤៖ ខ្សែដៃលោហធាតុពណ៌ស ចំនួន០១
*ទី៥៖ ខ្សែកប្រភេទខ្សែពណ៌ខ្មៅ មានបណ្តោងរូបព្រះចំនួន០២ខ្សែ
*ទី៦៖ កាបូបស្ពាយ ចំនួន០១។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួច ពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនខាងលើមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព រួមនឹងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានធ្វើឡើងក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕