(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី បេក្ខជនពេញសិទ្ធិជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទីស្នាក់ការគណបក្សស្រុកបារាយណ៍។
លោកស្រី ឃួន ឃុនឌី បានថ្លែងទៅកាន់អង្គបោះឆ្នោតទាំងអស់ ត្រូវតែមានភាពរឹងមាំម្ចាស់ការលើខ្លួនឯង ព្រមទាំងជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយមិនត្រូវចាញ់បោកការឃោសនា ឬការគំរាមកំហែង នៃជនអគតិមួយចំនួន ដែលនាំឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនបានឡើយ។
លោកស្រីបានបន្តថា គុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍ឯក បិតាសន្តិភាពដែលបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេឱ្យមានការរីកចម្រើនដូចឃើញសព្វថ្ងៃ ប្រជាពលរដ្ឋមានជីវភាព កាន់តែប្រសើរឡើង ពិសេសដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងកាន់តែខិតខំប្រឹងប្រែងដឹកនាំកសាងប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍឥតឈប់ឈរធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិរីកចម្រើនឥតឈប់ឈរ ក្នុងការលើកកម្ពស់ដល់កម្រិតជីវភាពរស់នៅកាន់តែប្រសើរឡើង។
លោកស្រី បានលើកឡើងពីសេចក្តីថ្លែងការណ៍លេខ ០០២ គ.ជ.ប របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីប្រកាសព័ត៌មានលេខ ០០៤ សប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់អង្គបោះឆ្នោត ដោយបានបង្ហាញពីគោលជំហរ និងគាំទ្រនៅសេចក្តីសម្រេចនេះយ៉ាងពេញទំហឹង ព្រមទាំងប្រឆាំងដាច់ខាតនៅរាល់សកម្មភាពទាំងឡាយណា ជាការគំរាមកំហែង បំភិតបំភ័យដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នក បោះឆ្នោតនឹងបង្កឲ្យមានចលាចលកើតឡើង និងផ្ទុយពីលក្ខន្តិកៈនិងលិខិតបទដ្ឋានគតិយុត្តិរបស់គជបនិងក្រសួងមហាផ្ទៃបានកំណត់។
នៅចុងបញ្ចប់ លោកស្រី ឃួន ឃុនឌី បានសំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ព្រមទាំងជំរុញឲ្យប្រធានបក្សស្រុក ត្រូវតែគ្រប់គ្រង ត្រួតពិនិត្យលើមន្ត្រីជាអង្គបោះឆ្នោតឱ្យបានគ្រប់ជ្រុងជ្រោយ៕