(កំពង់ស្ពឺ)៖ កាកសំណល់ដំណាប់ស្វាយ ដែលហូរចូលស្ទឹងព្រែកត្នោត បណ្តាលឲ្យត្រីងាប់ពេញស្ទឹង, ពេលនេះ បានបង្វែរទីតាំងចោលកាកសំណល់នៅស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ ពីសារធាតុគីមីទាំងនោះយ៉ាងខ្លាំង។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា មានរថយន្តដឹកកាកសំណល់ចេញពីរោងចក្រស្វាយ ដោយយកទៅចាក់លើដីមួយកន្លែង ជារបស់ឈ្មោះ គង់ តារ៉ា ស្ថិតនៅភូមិអញ្ញាសះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជុំវិញក្តីកង្វល់នេះ បងប្អូនប្រជាពលរដ្ឋ និងលោកមេភូមិ កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារកាកសំណល់ទាំងនេះ បានបំភាយក្លិនគីមី បំពុលបរិស្ថានជុំវិញលំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងខ្លាំង។

ប្រជាពលរដ្ឋជាច្រើនបានរាយការណ៍មកថា កាកសំណល់នេះ បានដឹកចេញពីរោងចក្រស្វាយ ដែលកន្លងធ្លាប់ចាក់ចូលក្នុងស្ទឹងព្រែកត្នោត និងបានបំពុលត្រីងាប់ពេញស្ទឹង ហើយមានប្រតិកម្មពីសំណាក់អាជ្ញាធរ ទើបកាកសំណល់ទាំងនេះ ត្រូវបានបង្វែរដឹកតាមឡានមកចាក់នៅទីតាំងខាងលើ។

ពលរដ្ឋបានលើកឡើងបន្តថា ឡានពួកថៅកែរោងចក្របានជួលដឹកក្នុងសំរាម ១ឡានតម្លៃ៤០ដុល្លារ ហើយឡានដឹកនោះ បានយកចោលនៅទីតាំងខាងលើ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នករស់នៅជិតជាច្រើនគ្រួសារ។

ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា សុំឲ្យអាជ្ញាធរមេត្តាចាត់វិធានការ ទៅលើក្រុមយកសំរាមមកចោលឲ្យតឹងតែងបំផុត ជាពិសេសមន្ទីរបរិស្ថាន ដែលជាជំនាញត្រូវចាត់ការមកលើក្រុមហ៊ុនដោយផ្ទាល់។

ពលរដ្ឋបានឲ្យដឹងទៀតថា បន្តិចទៀតដល់រដូវមានភ្លៀងធ្លាក់ អាចហូរកាកសំណល់នោះចូលទៅក្នុងទឹក ធ្វើឲ្យត្រីងាប់ និងដំណាំផ្សេងៗ ត្រូវខូចខាតដោយសារធាតុពុលទាំងនោះជាក់ជាមិនខាន៕