(កំពង់ឆ្នាំង)៖ ឧបករណ៍ឆក់ត្រីជិត១០គ្រឿង ត្រូវបានប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តយកមកប្រគល់ជូនមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល និងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ជាបន្តទៀត នៅចំ ពោះមុខមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងកងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពុងឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មន្ត្រីជំនាញរដ្ឋបាលជលផលសហការជាមួយអាជ្ញាធរ សហគមន៍នេសាទ និងសមត្ថកិច្ចបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋដែលបានរក្សាទុកនូវឧបករណ៍ឆក់ត្រីដោយខុសច្បាប់គ្រប់ប្រភេទ ត្រូវរួសរាន់យកមកប្រគល់ឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចមូលដ្ឋានតាមការស្ម័គ្រចិត្តឱ្យបានទាន់ពេលវេលា។ បើស្ម័គ្រចិត្តនោះ អាជ្ញាធរមាន សមត្ថកិច្ចនឹងមិនយកទោសទណ្ឌពីបងប្អូននោះឡើយ។ ករណីនៅតែរក្សាទុក ឬក៏ប្រើប្រាស់ឧបករណ៍ឆក់ត្រីគ្រប់ប្រភេទខុសច្បាប់ជាបន្តទៀតនោះ នៅពេលដែលមន្ត្រីជំនាញ និងសមត្ថកិច្ចរកឃើញ នឹងត្រូវអនុវត្តទៅតាមនីតិវិធី ដោយមិនមានការលើកលែងឡើយ។

នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ មានបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជលសា ស្រុកជលគីរី ប្រមាណ១០នាក់ បានស្ម័គ្រចិត្តយកឧបករណ៍ឆក់ត្រីចំនួន៨គ្រឿង មានទាំង (ឆក់ត្រជាក់) និងមានទាំង (ឆក់ក្តៅ) មកប្រគល់ជូនមន្ត្រីជំនាញ និងសមត្ថកិច្ច នៅក្នុងទីតាំងសាលាបឋមសិក្សា ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង១០នាក់ នៅពេលយកឧបករណ៍ឆក់ត្រីមកប្រគល់ជូនសមត្ថកិច្ច ពួកគាត់ក៏បានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចជំនាញ និងអាជ្ញាធរដោយសន្យាថា នឹងបញ្ឈប់ការប្រើឧប ករណ៍ឆក់ត្រីដែលជាទង្វើខុសច្បាប់យ៉ាងធ្ងន់ធ្ងរនេះជាបន្តទៀត។

ពួកគាត់សន្យាថា ចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដាន និងឃ្លាំមើលនូវរាល់សកម្មភាពរបស់ក្រុមជនល្មើសមួយចំនួនតូច ដែលពួកគេមានឧបករណ៍ឆក់ត្រីដែរ តែមិនព្រមយកមក ប្រគល់ជូនសមត្ថកិច្ច បើថ្ងៃក្រោយឃើញមានធ្វើសកម្មភាព ពួកគាត់នឹងរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតទីតាំងដែលពួកគេធ្វើសកម្មភាពនោះភ្លាមៗផងដែរ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្តឲ្យដឹងទៀតថា ការបំផុស និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានរក្សាទុកនូវឧបករណ៍ឆក់ត្រី ឬក៏កំពុងធ្វើសកម្មភាពឆក់ត្រី នៅតាមបណ្ដាភូមិសាស្ត្រឃុំមួយចំនួនទៀត ក្នុងស្រុកជលគីរី និងបន្តធ្វើនៅតាមបណ្តាស្រុកដ៏ទៃទៀត នៅទូទាំងខេត្តកំពង់ឆ្នាំងផងដែរ ដើម្បីឱ្យពួកគាត់មានការភ្ញាក់រលឹកដោយយកឧបករណ៍ឆក់ត្រីដោយខុសច្បាប់ទាំងអស់នោះ មកប្រគល់ជូនសមត្ថកិច្ចឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា បើតាមប្រជាពលរដ្ឋដែលបានយកឧបករណ៍ឆក់ទៅប្រគល់ជូនមន្ត្រីជំនាញកាលពីព្រឹកមិញនេះ បានឲ្យដឹងថា ឧបករណ៍ឆក់ត្រីដែលបានយកមកប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផលនៅ ក្នុងឃុំជលសា ស្រុកជលគីរី សរុបចំនួន៨គ្រឿង ក្នុងនោះមានឧបករណ៍ឆក់ត្រីប្រភេទឧបករណ៍ (ឆក់ត្រជាក់) ដែលគេបំពាក់ប្រព័ន្ធភ្លើងតាមជើងច្រវ៉ាក់សាច់អួនដែលមានមុខប្រវែងជាង១០ម៉ែត្រ ចំនួន៤គ្រឿង និងឧបករណ៍ (ឆក់ត្រជាក់) ធម្មតាចំនួន៣គ្រឿង ឧបករណ៍ (ឆក់ក្តៅ) មួយគ្រឿង។

ពួកគាត់បានបញ្ជាក់ឲ្យដឹងថា ចំពោះឧបករណ៍ (ឆក់ត្រជាក់) ដែលគេតភ្ជាប់បណ្ដាញភ្លើងជាមួយនឹងជើងច្រវ៉ាក់សាច់អួន ឧបករណ៍នេះបើទឹករាក់គេអាចប្រើដោយកម្លាំងមនុស្សកាន់អូសសងខាង បើទឹកជ្រៅគេត្រូវប្រើដោ យទូកម៉ាស៊ីនចនួន២គ្រឿងអូសម្ខាងមួយ វាអាចឆក់បានត្រីគ្រប់ប្រភេទ ពិសេសគឺពពួកត្រីរំអិល៕