ពោធិ៍សាត់)៖ អគារសិក្សាធ្វើអំពីថ្មប្រក់ក្បឿង១ខ្នង ៦បន្ទប់ រួមទាំងគ្រឿងបរិក្ខាមួយចំនួនទៀត ទើបនឹងសាងសង់រួច ដែលមានតម្លៃប្រមាណ៨ម៉ឺន៤ពាន់ដុល្លារ ស្ថិតក្នុងសាលាលាបឋមសិក្សាវាលនិន្ទ្រា ក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ពិធីនេះបានការអញ្ជើញចូលរួមពី លោកស្រី កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា, លោកស្រី សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចបវរធិបតី, លោក លោកស្រី ជាភ្ញៀវកិត្តិយស, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ, យុវជន និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ បានលើកឡើងថា ដោយមើលឃើញការកើនឡើង នៃចំនួនសិស្សនិងជួបកង្វះខាតនូវអគាសិក្សា នៅក្នុងសាលាបឋមសិក្សាវាលនិន្ទ្រានោះ លោកស្រីកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា, លោកស្រី សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចបវរធិបតី បានស្នើសុំទៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា។

ក្រោយពីទទួលបាននូវសំណើ ស្ថានទូតបានយល់ព្រមផ្តល់នូវអគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ និងចាប់ផ្តើមកសាង នាខែមិថុនា ព្រមទាំងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបំពាក់នូវសម្ភារសិក្សា ឧបករណ៍ប្រើប្រាស់ ចំណាយថវិកាអស់៨ម៉ឺន៤ពាន់ដុល្លារ ក្រៅពីនោះលោកស្រី កិត្តិនីតិកោលសបណ្ឌិត ទី បូរ៉ាស៊ី បានផ្តល់ថវិកាជិត៧ពាន់ដុល្លារ សម្រាប់ធ្វើដងទង់ ចាក់ដីបំពេញទីធ្លាសាលា ដាក់ប្រព័ន្ធភ្លើង និងជួសជុលអគារមួយចំនួនផងដែរ។ តាមរយៈនេះ លោកបានស្នើសុំអគារសិក្សា នៅអនុវិទ្យាល័យសម្តេចឳ សម្តេចម៉ែ និងវិទ្យាល័យហ៊ុនសែនក្រវាញ ដែលជួបបញ្ហាប្រឈម ដោយក្នុងមួយថ្នាក់ សិស្សមានរហូត៧០នាក់ ខុសពីនិយាមដែលក្រសួងបានកំណត់។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវទឹកចិត្តរីករាយ ដោយបានឃើញអំពីសមិទ្ធិផលថ្មីមួយទៀត គឺអគារសិក្សាមួយខ្នងស្មើនឹង៦បន្ទប់ ព្រមទាំងបំពាក់ឧបករណ៍ ប្រើប្រាស់ជាអំណោយរបស់ស្ថានទូតចិន ប្រចាំនៅប្រទេសកម្ពុជា ដែលបានផ្តល់ជូនប្រជាជន និងក្មួយៗសិស្សានុសិស្ស នៅក្នុងតំបន់ដាច់ស្រយាល។

លោកសូមឱ្យមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស នៅក្នុងតំបន់ដាច់ស្រយាល បន្តជម្រុញកូនចៅមករៀន និងរៀនឱ្យបានទៀងទាត់រាល់ថ្ងៃ ថែរក្សាការពារនូវសមិទ្ធផល ដែលមានឱ្យបានគង់វង្ស សម្អាតបរិស្ថានអនាម័យ ព្រោះថាសាលារៀន គឺជាថ្នាលបណ្តុះនូវធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ហើយស្ថានទូតនៅបន្តចូលរួម និងមានកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយរដ្ឋបាលខេត្តពោធិ៍សាត់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវអំណរគុណឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា ក្រោមការខិតខំប្រឹងប្រែង ពីសំណាក់លោកស្រីកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ទើបទទួលបាននូវអគាសិក្សា ១ខ្នង ស្មើនឹង៦បន្ទប់នេះ ដើម្បីបំពេញបន្ថែម ស្របពេលសិស្សនៅសាលានេះ ចេះតែមានការកើនឡើងជារៀងរាល់ឆ្នាំ។

អគាសិក្សាថ្មីមួយនេះ គឺជាសក្ខីភាពមួយ បញ្ចាក់ឱ្យឃើញនូវចំណងសាមគ្គី មិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាន់តែរឹងមាំ គង់វង្ស ស្ថិតស្ថេរ ជាគុណប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ កាន់តែយល់ចិត្ត គាំទ្រគ្នាគ្រប់កាលៈទេសៈ ជាមហាមិត្តដ៏ល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកបានថ្លែងបញ្ជាក់ថា វិស័យអប់នៅប្រទេសកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ព្រមទាំងបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (២០២៣-២០២៨) ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដែលមានការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ជាស្នូលដោយកំណត់អាទិភាព ជាគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រុំសមិទ្ធផលជាតិ និងជម្រុះសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា និយាយរួមដោយឡែក នៅខេត្តពោធិ៍សាត់ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសនោះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានអញ្ជើញចែកអំណោយជានិមិត្តរូប សម្រាប់សិស្ស៣០៧នាក់ ក្នុងនោះសិស្សមតេយ្យ៧១នាក់ ក្នុងម្នាក់ៗកាតាបស្ពាយ១ ខ្មៅដៃ ជ័រលុបប្រដាប់ខួងខ្មៅដៃ បន្ទាត់ និងសៀវភៅ១០ក្បាល។ សិស្សបឋម២៣៦នាក់ ក្នុងម្នាក់ៗកាតាប១ ខ្មៅដៃ១០ដើម ជ័រលុប៥ ប្រដាប់ខួង៥ បន្ទាត់១ ប៊ិច១០ដើម និងសៀវភៅ១០ក្បាល។

សម្រាប់អំណោយ របស់លោកស្រី កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី និងលោកស្រី សុងឡេងបូរ៉ា ក្រមា៤៤០ និងថវិកាចំនួន១២លានរៀល សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលបានចូលរួម និងបានអញ្ជើញកាត់ខ្សែបូរ សម្ពោធអគារសិក្សាជាផ្លូវការ នាពេលនោះផងដែរ៕