(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងរៀបចំរាត្រីសមោសរ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយអញ្ជើញភ្ញៀវកិត្តិយស ចូលរួមជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានអង្គការសង្គមស៊ីវិល និង វិស័យឯកជនចូលរួម សរុបប្រមាណ ១០០នាក់ ដើម្បីគៀងគរមូលនិធិគាំទ្រ សកម្មភាពការងាររបស់ ស.ស.ស.ក ។
នៅពេលត្រូវគេសួរថា ហេតុអ្វីបានជា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មិនសុំជំនួយបរទេសដើម្បីរក្សា «ភាពឯករាជ្យ» របស់ខ្លួន ? លោក ហ៊ុយ វណ្ណៈ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា «នេះជាសំណួរដែលធ្វើឲ្យលោកឈឺចាប់បំផុត ! លោកថា លោកឈឺចាប់នៅត្រង់សំណួរមួយ ដែលគេមើលរំលងអំពីតម្លៃសមត្ថភាព និង លទ្ធភាពរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន» ។
លោក ហ៊ុយ វណ្ណៈ បន្តថា «ហេតុអ្វីបានជាគេប្រាប់យើងខ្ញុំឲ្យទៅពឹងបរទេស ហើយផ្ទុយទៅវិញ គេបំភ័ន្តយើងខ្ញុំឲ្យជឿថា ទាល់តែពឹងបរទេស ទើបហៅថា ឯករាជ្យ!?» ។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គូសបញ្ជាក់ថា ការពិតនៃកម្ពុជាបច្ចុប្បន្ន ហើយដែលយើងត្រូវទទួលស្គាល់ គឺ «កម្ពុជា អាចធ្វើបាន» ។ អ្វីដែលយើងអាចធ្វើបានដោយខ្លួនយើង ដោយចេញដំណើរពីកម្ពុជា គឺមានតម្លៃនិងថ្លៃថ្នូរបំផុត។ ការពិតកម្ពុជា មានសក្តានុពល និងមានសមត្ថភាព ។ អ្វីក៏អាចធ្វើឲ្យកើតឡើងបានដែរ ឲ្យតែយើងរួបរួមគ្នា ដោយមានបុព្វហេតុ ដោយជំនឿ ដោយភាពច្បាស់លាស់ ។ នេះហើយជាតម្លៃរបស់កម្ពុជា ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា «នេះក៏មិនមែន មានន័យថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទាត់ចោលកិច្ចសហ ប្រតិបត្តិការជាមួយដៃគូបរទេសនោះទេ ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងសហការជាមួយដៃគូរបរទេស ទៅតាមគម្រោងការងារជាក់ស្តែង ។ យើងមានជំនឿថា នៅពេលដែលយើងរឹងម៉ាំ ដោយចាប់ផ្តើមពីយើង នោះហើយជាអ្វីដែលយើងនិយាយថា «ស្មើមុខ ស្មើភាព និងស្មើសិទ្ធិ»។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានសមាជិកស្ថាបនិកដំបូង២០រូប និងមានទីប្រឹក្សា៦រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន ។ ស.ស.ស.ក ទទួលបានសមាជិក ជាគ្រួសារអ្នកសារព័ត៌មានចំនួនជិត ៨០០នាក់ មកពីជាង ៣០ស្ថាប័នផ្សព្វផ្សាយ ៕
បេសកម្មរបស់សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា គឺដើម្បីរួមចំណែក គាំពារអ្នកសារព័ត៌មាន ពង្រឹងគុណភាពវិជ្ជាជីវៈ និងពង្រឹងសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន ។ ស.ស.ស.ក មានជំនឿថា គុណភាពនៃព័ត៌មាន រួមចំណែកគុណភាពនៃការ គិត និងការសម្រេចចិត្តរបស់សង្គម បានត្រឹមត្រូវ និងធ្វើឲ្យសង្គមកាន់តែរីកចម្រើនជឿនលឿន៕