(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួម ចំណែករបស់ក្រុមហ៊ុន វៀតធេលគ្រុប (Viettel Group) ក្រោមស្លាកយីហោ មិត្តហ្វូន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍដល់ប្រទេសកម្ពុជា ខណៈក្រុមហ៊ុនបាននាំយកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានទៅកាន់គ្រប់ទីកន្លែង និងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ពិធីនេះមានពីការចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Viettel Group លោក Tao Duc Thang និងឥស្សរជនជាច្រើនរូបផ្សេងទៀត។

ក្នុងឱកាសខួប១៥ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនជាមួយនឹងការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត «The Met's Sonata» នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ Viettel Group ចំពោះប្រទេសកម្ពុជា និងបង្ហាញពីបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និង Viettel Group ផងដែរ។

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុនViettel Group ដែលបានដឹកនាំក្រុមហ៊ុនមិត្តហ្វូន បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ មិត្តហ្វូន បាននាំយកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានទៅកាន់គ្រប់ទីកន្លែង និងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា នាថ្ងៃអនាគតសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសមាជិកនៃក្រុមហ៊ុន Viettel Group នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅដោយនាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ ភាគីទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។

លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel Group និងមិត្តហ្វូនបានសម្តែងនូវបំណងចង់បន្តរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាពដល់កម្ពុជា។

លោកបានថ្លែងថា «ដោយមានបំណងចង់បន្តរួមចំណែក និងកសាងប្រទេសកម្ពុជា ជួយប្រជាជនកម្ពុជាឱ្យមានជីវភាពកាន់តែប្រសើរឡើង មិត្តហ្វូននឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលការសន្យារបស់យើងចាប់ពី១៥ឆ្នាំមុន និងទៅអនាគតនឹងតែងតែមាន។ ដូចជាទស្សនវិស័យរបស់យើងតាំងពីដើមគឺ «អ្នកច្នៃប្រឌិត និងយកចិត្តទុកដាក់»។ រាល់ដំណោះស្រាយ រាល់ផលិតផល រាល់សកម្មភាពរបស់មិត្តហ្វូននឹងខិតខំធានាថា គ្មានប្រជាជនកម្ពុជាណាដែលមិនទទួលបានប្រព័ន្ធបច្ចេកវិទ្យាឡើយ។

ប្រធានក្រុមហ៊ុន បានលើកឡើងទៀតថា ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ មិត្តហ្វូនបានបន្តយុទ្ធសាស្រ្ត «ហេដ្ឋារចនាសម្ព័ន្ធដំបូង អាជីវកម្មតាមក្រោយ» នាំយកសេវាទូរគមនាគមន៍ទៅកាន់តំបន់ឆ្ងាយបំផុត និងដាច់ស្រយាលបំផុតនៅក្នុងប្រទេសកម្ពុជា។

ការប្រារព្ធពិធីនេះបានបង្ហាញពីដំណើរការរបស់មិត្តហ្វូនដែលបានរួមចំណែកកសាងសេវាទូរគមនាគមន៍របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់សេវាទូរស័ព្ទដល់ទៅ៩៨% នៃចំនួនប្រជាជន។

ក្នុងរយៈពេល១៥ឆ្នាំមកនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ មហាសេរីវឌ្ឍន៍ ដល់បុគ្គល និងសមូហភាពដល់ក្រុមហ៊ុន Viettel Groupនិងមិត្តហ្វូនជាការទទួលស្គាល់អំពីការរួមចំណែករបស់ពួកគេ ក្នុងរយៈពេល១៥ឆ្នាំកន្លងមក។

បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល១៥ឆ្នាំ មិត្តហ្វូនក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន ដោយជាង១ពាន់លានដុល្លារ បានចូលរួមចំណែកក្នុងថវិកាជាតិ និងជាង ១២០លានដុល្លារ ឧទ្ទិសដល់គំនិតផ្តួចផ្តើមគាំទ្រសហគមន៍ និងសង្គម។

សូមបញ្ជាក់ថា ក្នុងពិធីគម្រប់ខួបនេះមិត្តហ្វូនក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលប៉ុស្តិ៍ទូរទស្សន៍ជាច្រើនប្រកបដោយគុណភាពខ្ពស់ជាមួយឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។ កម្មវិធី TV360 គឺជាផ្នែកបន្ទាប់ដើម្បីបំពេញបន្ថែមប្រព័ន្ធអេកូឌីជីថលរបស់មិត្តហ្វូន៕