(ភ្នំពេញ)៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ លើកិច្ចការរដ្ឋបាល សម្រាប់មន្រ្តីថ្មីក្របខណ្ឌឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយក្នុងវគ្គនេះសាលាបានកំណត់ជ្រើសយកមន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពីអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌ ពិភពលោក សាលាមធ្យមវិចិត្រសិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។ ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឲ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានថ្លែងថា កិច្ចការរដ្ឋបាលនេះ គឺជាកិច្ចការងារថ្មីសម្រាប់ប្អូនៗទាំងអស់ជាសិក្ខាកាមនៅពេលនេះ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះលេចចេញជារូបរាងឡើង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានអញ្ជើញនូវវាគ្មិន ក៏ដូចជាសាស្រ្តាចារ្យដែលមានចំណេះ ជំនាញច្បាស់លាស់លើកិច្ចការរដ្ឋបាលនេះធ្វើជាគ្រូឧទ្ទេស

លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺជាលទ្ធផលថ្មីមួយទៀតដែលថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ចំណេះដឹងដល់មន្រ្តីរាជការ ឲ្យបានដឹងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការងាររបស់ខ្លួន ដែលនេះគឺជាកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់រូបត្រូវអនុវត្តដើម្បីបម្រើផលប្រយោជន៍ជាតិ និងជំរុញឲ្យវិស័យវប្បធម៌កាន់តែរីកចម្រើន និងប្រសើរឡើងថែមមួយកម្រិតទៀត ស្របតាមបញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្រ្តបញ្ចកោណ ដែលជាផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។

ចំណែកឯ លោក ប៊ុនថន សុខាណារិទ្ធិ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានឲ្យដឹងថា ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សាលាបណ្តុះ បណ្តាលក្របខណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើងក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាលធនធនមនុស្ស ដល់អង្គភាពមន្រ្តីរាជការ ទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិក្នុងបរិបទនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់សង្គមកម្ពុជានិងតំបន់ ការប្រកួតប្រជែង និងសេចក្តីត្រូវការនៃសេវាសាធារណៈ និងកិច្ចការរដ្ឋបាលដែលមានការវិវត្ត និងការកើនឡើងជាលំដាប់នោះ។ ក្នុងន័យនេះ ការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពនៃសេវាបណ្តុះបណ្តាលផ្តល់ដោយអង្គភាពចំណុះក្រសួងមួយនេះ ត្រូវបានកំណត់ចូលក្នុងរបៀបវារៈជាអាទិភាពរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកបន្តថា វគ្គនេះគឺជាលទ្ធផលថ្មីមួយដ៏ល្អ ដែលថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ចំណេះដឹងដល់មន្រ្តីរាជការទាំងអស់ ឲ្យមានការទទួលខុសត្រូវក្នុង ការងារ។ នេះគឺជាកាតព្វកិច្ចរបស់មន្រ្តីរាជការក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ជាតិ ជំរុញឲ្យការងារក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។ ដូចនេះមន្រ្តីគ្រប់រូបក្នុងក្របខណ្ឌក្រសួង ត្រូវមានកាតព្វកិច្ចចាំបាច់ពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដោយខិតខំសិក្សារៀនសូត្រ បំពាក់នូវចំណេះដឹងផ្ទាល់ខ្លួនបន្ថែម ដើម្បីក្លាយខ្លួនជាមន្រ្តីដែលមានសមត្ថភាពចេះទទួលខុសត្រូវក្នុងភារកិច្ចដែលក្រសួងផ្តល់ឲ្យ។

តាងនាមថ្នាក់ដឹកនាំ សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ និងសហការីទាំងអស់ លោក ប៊ុនថន សុខាណារិទ្ធិ បានថ្លៃងអំណរគុណជាអនេក ចំពោះលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាល តែងតែចូលរួមគាំទ្រ និងជំរុញដល់ការបើកវគ្គបណ្តុះបណ្តាលនេះ ជូនដល់សិក្ខាកាមជាមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕