(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបន្ដអនុវត្តផែនការមេ និងការព្យាករណ៍ផែនការមេផ្លូវជនបទ ដើម្បីពង្រឹងការអនុវត្ដតាមផែនការមេនៃផ្លូវជនបទឆ្នាំ២០៣០ ដែលបានអនុម័តរួចរាល់ តម្រង់ឆ្ពោះទៅការស្ថាបនាផ្លូវអាទិភាពតាមបណ្តាស្រុកគោលដៅ។

លោករដ្ឋមន្ត្រីបានលើកឡើងថា យោងតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ផ្លូវគឺនៅតែជាអាទិភាពសំខាន់ទី២ បន្ទាប់ពីធនធានមនុស្ស និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ដើម្បីសម្រេចបានចក្ខុវិស័យ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺកសាងតំបន់ជនបទប្រកបដោយវិបុលភាពបរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍សំខាន់ៗដែលជាទិសដៅអនុវត្តបន្តដូចខាងក្រោម៖

* ត្រូវពង្រឹងការអនុវត្ដតាមផែនការមេនៃផ្លូវជនបទឆ្នាំ២០៣០ ដែលបានអនុម័តរួចរាល់ តម្រង់ឆ្ពោះទៅការស្ថាបនាផ្លូវអាទិភាពតាមបណ្តាស្រុកគោលដៅ។
* ត្រូវពង្រឹងគុណភាពស្ថាបនាផ្លូវជនបទ តាមរយៈការពង្រឹងយន្តការលទ្ធកម្ម ការត្រួតពិនិត្យគុណភាព។
* ត្រូវសិក្សាបច្ចេកទេស ឬនវានុវត្តន៍ថ្មីៗតាមរយៈការស្វែងរកវត្ថុធាតុដើមថ្មី (Road Stabilizer) ដែលអាចជួយសន្សំថវិកាជាតិ និងពង្រឹងគុណភាពផ្លូវ ក៏ដូចជាធន់នឹងការប្រែប្រួលអាកាសធាតុ។
* ត្រូវពង្រឹងគុណភាពស្ថាប័ន និងគុណវុឌ្ឍិមន្ត្រីជំនាញ ត្រួតពិនិត្យបច្ចេកទេស និងមន្ទីរពិសោធន៍។
* ត្រូវបន្តទំនាក់ទំនង ស្វែងរក និងសហការជាមួយដៃគូអភិវឌ្ឍន៍ និងបណ្តាស្ថាប័នរដ្ឋ និងឯកជន៕