Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ស្នើឱ្យតួកគី បញ្ឈប់ការលុកលុយស៊ីរីជាបន្ទាន់ ព្រោះវាកំពុងបំពុលស្ថានការណ៍ខ្លាំងណាស់

31-08-2016 14:35

(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានស្នើឱ្យតួកគី ដែលកំពុងដឹកនំាការវាយលុកនៅឯតំបន់ភាគខាងជើង ប្រទេសស៊ីរី បញ្ឈប់ប្រតិបត្តិការនោះជាបន្ទាន់ ដើម្បីចៀសវាង ការបង្កភាពស្មុគស្មាញដល់ ស្ថានភាពនៅក្នុងតំបន់កាន់តែខ្លាំង។ នេះបើយោងតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដែលស៊ិនហួរដកស្រង់នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

ជុំវិញសំណើនេះដែរ អ្នកនំាពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahman Ghassemi  បានបញ្ជាក់ប្រាប់ ស្ថានីយ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃទី ៣១ ខែ សីហា នេះថា «ការបន្តវត្តមានយោធា តួកគី នៅស៊ីរី នឹង ធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញជាងមុន ត្បិតអីការប៉ះទង្គិចគ្នានៅភាគខាងជើង ស៊ីរី បានសម្លាប់ ជនស៊ីវិលស្លូតត្រង់ជាច្រើននាក់រួចមកហើយ។ ដូច្នេះវាចំាបាច់ណាស់ ដែលយោធាតួកគី ត្រូវតែ បញ្ឈប់ជាបន្ទាន់នូវសកម្មភាព យោធារបស់ខ្លួន ចំណែកឯបណ្ដាប្រទេសទំាងអស់ ត្រូវតែគោរពដែន អធិបតេយ្យភាព និង បូរណភាពទឹកដីនៃប្រទេសស៊ីរី»

សូមរំលឹកថា យោធាតួកគីបានដឹកនំាប្រតិបត្តិការយោធា ប្រឆំាងនឹងក្រុម ISIS និង ក្រុមឧទ្ទាមឃើដ អស់រយៈពេលជាង មួយសប្ដាហ៍មកហើយ នៅឯតំបន់ភាគខាងជើងស៊ីរី។ ក៏ប៉ុន្តែការវាយប្រហារ របស់តួកគី ត្រូវបានគេមើលឃើញថា ហាក់ដូចជាមានគោលដៅ ទៅលើក្រុមឧទ្ទាមឃើដ (PKK) ជាជាងក្រុម ISIS ហើយសូម្បីសហរដ្ឋអាមេរិក ក៏បានចេញមុខថ្កោលទោសផងដែរ ចំពោះប្រតិបត្តិការយោធានេះ៕