មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ នៅពេលខាងមុខការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ នឹងត្រូវដំឡើងតាមកម្រិតអតិផរណា (Video inside)
20-02-2024 11:22
(ភ្នំពេញ)៖ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅពេលខាងមុខការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ នឹងត្រូវដំឡើងទៅតាមកម្រិតអតិផរណា មិនមានការឡើងជាគំហុកទៀតនោះទេ។
ការលើកឡើងរបស់លោក ចាន់ សុធី ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមការបញ្ជាក់ របស់លោក ចាន់ សុធី ការចំណាយលើបន្ទុកបុគ្គលិកនៅឆ្នាំនេះ កើន៧.២ភាគរយ ដោយសាររដ្ឋអត់បានឡើងបៀវត្ស នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដូច្នេះបានជារាជរដ្ឋាភិបាលដំឡើងបៀវត្ស ដែលខ្ពស់ជាងគេ ក្នុងចំណោម៥ឆ្នាំនេះ ប៉ុន្តែទៅមុខទៀត នឹងមិនធ្វើដូច្នេះទៀតទេ។
លោក ចាន់ សុធី បានបញ្ជាក់ថា «ការឡើងបៀវត្ស យើងនឹងមិនបន្តឡើងខ្ពស់បែបនេះទេ ព្រោះធ្វើឲ្យអត់មានការលើកទឹកចិត្ត និងបង្កើនផលិតភាពការងារ»។
ទន្ទឹមគ្នានេះ លោកបានឲ្យដឹងថា រដ្ឋនឹងគិតគូរផ្អែកលើសមត្ថកម្ម ដោយលោកលើកឧទាហរណ៍អំពីវិស័យអប់រំ, វិស័យសុខាភិបាល លោកថា បើបន្តឡើងស្មើ គឺវាអត់មានការលើកទឹកចិត្ត។ លោកបន្ដថា មណ្ឌលសុខភាព ឬក៏សាលាដែលមានស្នាដៃ និងបានរង្វាន់ ហើយការលើកទឹកចិត្តនេះ មិនសំដៅតែទៅលើលុយទេ គឺសំដៅទៅលើការទទួលស្គាល់ជាស្នាដៃ ដើម្បីឲ្យមនុស្សខំប្រឹង។
ស្របពេលជាមួយគ្នានេះ លោក ចាន់ សុធី ជឿថាគន្លឹះទីមួយ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនេះ នឹងជួយដោះស្រាយបញ្ហាច្រើន ជួយទៅដល់ការកសាងរដ្ឋបាលសាធារណៈ និងជួយទៅដល់ការបង្កើនភាព ប្រកួតប្រជែងថែមទៀតផង៕