(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមិទ្ធផលសំខាន់ៗ របស់ខ្លួនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤ ខណៈឆ្នាំ២០២៤នេះ រំពឹងថាវិស័យឧស្សាហកម្ម នឹងកើនឡើងក្នុងរង្វង់៨.៥%។

សមិទ្ធិផលទាំងនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកបានថ្លែងបន្តថា «សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦.៦% ដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨.៥% ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ៧.៧% ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុ វិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប»

នៅឆ្នាំ២០២៣ មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើនចំនួន១៤៣ រោងចក្រ (៧,២១%) ធៀបនឹងឆ្នាំ ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រធុនធ្ងន់ដែលកំពុងដំណើរការទូទាំងប្រទេសមានចំនួន ២.១២៥ រោងចក្រ និងផ្តល់ការងារចំនួន ១ ០៤០ ៣៣៣ កន្លែង។ ចំណែកទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨.៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១.២៤% ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លានដុល្លារ ឬប្រមាណ៣.៣៥% បើធៀបនឹងឆ្នាំ២០២២។

រីឯការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្របសម្រួលការបង្កើតសហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥ ៣២៨ និងបន្តអាជ្ញាបណ្ណសហគ្រាសធុនតូច និងមធ្យមចំនួន ៥ ១៥៨ នៅឆ្នាំ២០២៣។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការអភិវឌ្ឍសហគ្រិនភាព និងជំរុញបរិយាកាសអំណោយផលសម្រាប់កំណើនអាជីវកម្ម។

ក្នុងវិស័យទឹកស្អាត ក្រសួងបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការផលិតទឹកស្អាតសម្រាប់ទាំងការប្រើប្រាស់តាមលំនៅឋាន និងតាមរោងចក្រ-សហគ្រាសនានា។ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបានជាង ៤៦១លានម៉ែត្រគូប កើនឡើងប្រមាណ១៦%។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានតភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ១ ៣០៧ ៨១០ តំណ កើនឡើង ៨.៥% បើធៀបនឹងមួយឆ្នាំមុន ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣ ០៦៧ គីឡូម៉ែត្រ ដែលស្នើនឹង ១១% ដល់៣០ ៣៥១ គីឡូម៉ែត្រ។ ប្រការនេះបានធ្វើឱ្យភូមិចំនួន ៦ ៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០ ១៧៣ ភូមិទទួលបានទឹកស្អាតប្រើប្រាស់។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងស្តង់ដារកម្ពុជា ការងារមាត្រាសាស្ត្រ និងវាយតម្លៃទទួលស្គាល់។ នៅឆ្នាំ២០២៣ ក្រសួងបានបង្កើតស្តង់ដារថ្មីចំនួន ៣៦ តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលនាំឱ្យចំនួនស្តង់ដារកម្ពុជាសរុបកើនដល់ ១ ២១៦ ។ ស្តង់ដារទាំងនេះផ្តល់នូវលក្ខណៈបច្ចេកទេសសម្រាប់ផលិតផល ដំណើរការផលិតកម្ម និងសេវាកម្ម និងគាំទ្រដល់អាជីវកម្មឱ្យរីកចម្រើន ជាពិសេសបង្កើនប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល ធានាសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាពសាធារណៈ និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។

លើសពីនេះ ក្រសួងបានផ្តល់សេវាមាត្រាសាស្ត្រចំនួន ៩៦៦ សេវា ដែលគ្របដណ្តប់លើឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់ចំនួន ៣៩.២៣៨។ ស្ថាប័នវាយតម្លៃទទួលស្គាល់របស់ក្រសួងក៏បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការកាត់បន្ថយចំណាយអាជីវកម្ម កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យជាដើម៕