(រតនគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានរៀបចំកម្មវិធីចែក និងបិទស្ទីកគ័រចំណាំងផ្លាតពេលយប់ ជូនអាជ្ញាធរស្រុក-ក្រុងទាំង៩ ក្នុងខេត្តរតនគិរី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ការចែកជូនស្ទីកឃ័របានធ្វើឡើង ក្រោមវត្តមានលោក យឹម ផែន អភិបាលរងខេត្ត និងលោកស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការ អភិបាលស្រុក ក្រុង ព្រមទាំងបងប្អូនអ្នករត់រ៉ឺម៉ក់ម៉ូតូជាច្រើននាក់។ ក្នុងឱកាសនោះដែរ លោក យឹម ផែន បានថ្លែងថា ដើម្បីធានាឲ្យបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ ដែលសម្តេចតេជោ ហ៊ុន សែន បានគិតគូខ្លាំងណាស់លើសុខសុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ ហើយបានដាក់ចេញនូវយុទ្ធនាការជាច្រើនដើម្បីសំរេចនូវការងារនេះ។ នៅថ្ងៃ០២ ខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៤៤ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកយុទ្ធនាការជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយចែកស្ទីកឃ័រទាំងនេះជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សម្រាប់ខេត្តរតនគិរី ទទួលបានស្ទីកឃ័រចំណាំងផ្លាតពេលយប់ ចំនួន ៨,៥១២ ដើម្បីបិទលើមធ្យោបាយធ្វើដំណើរជូនដល់សិស្សានុសិស្ស កសិករ ប្រជាពលរដ្ឋ ដូចជាកង់ រ៉ឺម៉ក់ គោយន្ត និងឧប្បករណ៍កសិកម្មនានា ដែលបើកលើផ្លូវសាធារណដោយគ្មានភ្លើងបំភ្លឺ ដែលអាចបញ្ជៀសបានពីការគ្រោះថ្នាក់នានាជាយថាហេតុ ហើយការចែកជូននេះពុំមានគិតលុយនោះទេ៕