(កំពង់ឆ្នាំង)៖ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជនដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ លោកបណ្ឌិត ហ៊ឺ វីរៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាចបានផ្តួចផ្តើមគំនិតក្នុងការរៀបចំចាក់បញ្ចាំងភាពយន្ត របស់ផលិតកម្ម LD Picture នៅសាលាវិទ្យាល័យក្នុងស្រុកកំពង់ត្រឡាច ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជនទូទៅទស្សនា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ។

សកម្មភាពនេះ ក៏ដើម្បីចូលរួមជួយលើកកម្ពស់ផលិតកម្មកម្ពុជាលើវិស័យសិល្បៈភាពយន្តដែលជាសិល្បៈទី៧នៃប្រភេទសិល្បៈខ្មែរ។

ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងអំណរចំពោះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ដែលបានសហការនិងជួយសម្របសម្រួលជាមួយផលិតកម្ម LD Picture ក្នុងការចាក់បញ្ចាំងខ្សែភាពយន្ត និងជាពិសេសសូមថ្លែងអំណរគុណចំពោះ លោក លៀក លីដា អគ្គនាយកផលិតកម្ម LD Picture ដែលបានចូលរួមកិច្ចសហការផ្តល់ខ្សែភាពយន្តខ្មែរល្បីៗ សម្រាប់ចាក់បញ្ចាំងជូនសាធារណជនទស្សនាក្នុងស្រុកកំពង់ត្រឡាច។

ចំណងជើងរឿង រួមមាន៖ រឿងត្រកូលអ្នកប្រដាល់ រឿងបងប្អូន២នាក់ និងរឿងនាយខ្វាក់នាយខ្វិនឆ្លងភព៕