(ឌូបៃ)៖ ប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់ នៅថ្ងៃចន្ទសប្តាហ៍នេះ បានរិះគន់សេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyah ដែលបានស្នើសុំឱ្យរដ្ឋឈូងសមុទ្រអារ៉ាប់ដាក់សម្ពាធលើក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដោយពណ៌នាវាថា ជាការប៉ុនប៉ងថ្មីមួយដើម្បីអូសបន្លាយសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed Al Thani បាននិយាយកាលពីចុងសប្តាហ៍ថា គំរូនៃការចរចាដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងក្របខ័ណ្ឌបទឈប់បាញ់ សម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា «មិនមានភាពរីកចម្រើនខ្លាំងទេ» ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញទំនាក់ទំនង X ក្រសួងការបរទេសនៃប្រទេសកាតា បាននិយាយដូច្នេះថា «សេចក្តីថ្លែងការណ៍ថ្មីៗរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលលោកបានអំពាវនាវឱ្យកាតាដាក់សម្ពាធលើក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ខ្មាំង (អ៊ីស្រាអែល) គឺគ្មានអ្វីក្រៅពីការប៉ុនប៉ងថ្មីក្នុងការពន្យារពេល និងអូសបន្លាយសង្រ្គាមនោះទេ»។

ទោះជាយ៉ាងណា វាមិនច្បាស់ថា តើការអត្ថាធិប្បាយមួយណារបស់ លោក Netanyahu ដែលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា សំដៅទៅលើនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ Sheikh Mohammed ដែលជារដ្ឋមន្ត្រីការបរទេសផងដែរនោះ បាននិយាយថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតជុំវិញកិច្ចចរចាបានទេ ប៉ុន្តែដូចទៅនឹងកិច្ចព្រមព្រៀងមុនៗដែរ វាមានធាតុសំខាន់ៗចំនួនពីរ នោះគឺលក្ខខណ្ឌមនុស្សធម៌នៅហ្គាហ្សា និងចំនួនប្រជាជនប៉ាឡេស្ទីន ដែលនឹងត្រូវដោះលែងជាថ្នូរនឹងចំណាប់ខ្មាំងអ៊ីស្រាអែល៕

រូបភាពពី Reuters