(កំពង់ស្ពឺ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំអ្នកឧកញ៉ា និងឧកញ៉ាចំនួន២៥រូប ដែលសុទ្ធតែជាថ្នាក់ដឹកនាំ និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដើម្បីចុះសំណេះសំណាល និងប្រគល់ថវិកាជូនមណ្ឌលកុមារកំព្រាចំនួន៤ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងប្រារព្វធ្វើឡើង នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ។

ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមន្ទីរ ក៏ដូចជាស្ថាប័នមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺផងដែរ។

លោក វ៉ី សំណាង បានថ្លែងថា មណ្ឌលទំាង៤នេះរួមមាន៖ មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ មណ្ឌលកុមារព្រៃជុំ សហគមន៍ផ្ទះជាក្រុមរបស់យើង និងមណ្ឌលកុមារក្តីសង្ឃឹមថ្មី ដែលមានចំនួនកុមារ ២០៦នាក់ ក្នុងនោះកុមារី៨២នាក់ រួមជាមួយបុគ្គលិកមើលថែកុមារចំនួន២៨នាក់។

លោកបានបន្ថែមថា ជានិច្ចកាល ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់គិតគូ ដល់សុខទុក្ខរបស់កុមារទាំងអស់ ដោយបានព្យាយាមស្វែងរកជំនួយនានា ដើម្បីឧបត្ថម្ភដល់ការផ្គត់ផ្គង់អាហារ និងការរៀនសូត្រ របស់ពួកគេស្របទៅតាមគោលនយោបាយសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែខ្វល់ខ្វាយជាប់ជាប្រចាំអំពីកុមារជាជនរងគ្រោះ កុមារកំព្រាជាដើម ជាពិសេសលើការផ្តល់ការអប់រំ ដើម្បីបណ្តុះបណ្តាលពួកគេ ជាធនធានមនុស្សនាពេលអនាគត។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងថា ដោយមើលឃើញពីការខ្វះខាត និងតម្រូវការជាក់ស្តែងរបស់មណ្ឌលកុមារកំព្រាទាំង៤នេះ សមាគមឧកញ៉ាកម្ពុជា បានកៀរគរសប្បុរសជននានា ដែលជាសមាជិករបស់សមាគម ដើម្បីជួយដល់កុមារកំព្រា និងអ្នកមើលថែសរុបចំនួន ២៣៤នាក់ ដោយអំណោយទាំងនេះមានដូចជា៖ គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ និងសម្លៀកបំពាក់ជាដើម សរុបជាថវិកាចំនួន ៣២,៨៤៧ដុល្លារអាម៉េរិក ដែលជាថវិការបស់សមាគមឧកញ៉ាកម្ពុជា។

ព្រមជាមួយគ្នានេះ សប្បុរសជន អ្នកឧកញ៉ា និងឧកញ៉ាចំនួន៥រូប បានចូលរួមឧបត្ថម្ភបន្ថែមទៀត នូវថវិកាផ្ទាល់ខ្លួនសរុបចំនួន ៣០លានរៀលរួមមាន៖
១៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ថវិកាចំនួន២០លានរៀល រួមនឹងម៉ាស១កេសធំ និងអាវចំនួន២៨០អាវ
២៖ អ្នកឧកញ៉ា តុល លន ថវិកាចំនួន៤លានរៀល
៣៖ លោកស្រីឧកញ៉ា កី ម៉ានេ និងលោកស្រីឧកញ៉ា គួន ធីតា ថវិកាចំនួន៤លានរៀល
៤៖ អ្នកឧកញ៉ា លី សាំងឡេង ថវិកាចំនួន២លានរៀល
ដូច្នេះសរុបទាំងថវិកា និងសម្ភារៈទាំងអស់ មានចំនួន ៤០,៣៤៧ ដុល្លារអាម៉េរិក។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានបន្តថា តាមរយៈអំណោយនៅថ្ងៃនេះ គឺជាការចូលរួមបរិច្ចាគរបស់សប្បុរសជននានា ដែលជាសមាជិករបស់សមាគម និងថវិការបស់សមាគម ក្រោមសកម្មភាពសប្បុរសធម៌ ហើយអ្នកឧកញ៉ា មានក្តីសង្ឃឹមយ៉ាងមុតមាំថា អំណោយដែលសមាគមឧកញ៉ាកម្ពុជា ផ្តល់ជូននៅពេលនេះ នឹងត្រូវបានប្រើប្រាស់ចំគោលដៅ និងបានបំពេញតម្រូវការរបស់ក្មួយៗ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងមណ្ឌលទាំង៤នេះ។

ជាចុងក្រោយ អ្នកឧកញ៉ា បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យខ្លាំងពូកែដើម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិ មាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងទាំងអស់គ្នា ជាពិសេសជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា សកម្មភាពសប្បុរសធម៌នេះ ជាបេសកកម្មមួយរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការចូលរួម អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈសកម្មភាពពាណិជ្ជកម្ម ការបង្កើតការងារ និងការចែករំលែកធនធាន ក៏ដូចជាសម្ភារៈដើម្បីសម្រាលការលំបាកផ្សេងៗ របស់ប្រជាជនកម្ពុជាផងដែរ៕

http://image.freshnewsasia.com/2021/id-022/fn-2024-02-19-21-51-55-