(សៀមរាប)៖ លោក​ យឺន​ ហុងឆាត់​ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ ក្នុងពេលបើកវគ្គបណ្តុះបណ្តាលនេះថា៖ វគ្គបណ្តុះបណ្តាលបង្គោលថ្នាក់រាជធានី ខេត្តថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលចុងក្រោយ សម្រាប់ខេត្តទាំង៨ រួមមាន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ឆ្នាំង ពោធសាត់ សៀមរាប ឧត្តរមានជ័យ និងកំពង់ធំ។

សម្រាប់ជំហានបន្ទាប់ គឺជាការបណ្តុះបណ្តាលបន្តដល់តួអង្គប្រតិបត្តិករនៅថ្នាក់មូលដ្ឋាន រួមមាន រដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ដែលនឹងប្រព្រឹត្តទៅ តាមរាជធានី ខេត្តនីមួយៗ
ដើម្បីធានាថា មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់អនុវត្តកម្មវិធីនេះ ឱ្យដំណើរការទៅប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ស្របតាមឆន្ទះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនោះ លោកប្រធាននាយកដ្ឋាន ក៏បានបន្ថែមទៀតថា គ្រូបង្គោលទាំងអស់ នឹងត្រូវបន្តបណ្តុះបណ្តាលដល់មូលដ្ឋានឃុំ សង្តាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងក្របខណ្ឌរាជធានី ខេត្តនីមួយៗ នៅចន្លោះថ្ងៃទី២៦​ ខែកុម្ភ:​ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីអនុវត្តកម្មវិធីជាតិក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីមួយមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី សម្រាប់ផ្តល់ការគាំពារដលគ្រួសារមានបណ្ណសមធម៌ និងសមាជិកគ្រួសារ ដែលមានភាពងាយរងគ្រោះ ហើយកម្មវិធីនេះផងដែរ គឺជាការសមាហរណកម្មកម្មវិធីជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមាន៖ (១).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (២).កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព (៤).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) ហើយបន្ថែមលើកម្មវិធីទាំង៤ នេះ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ និងការឧបត្ថម្ភអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់បុគ្គលក្នុងវដ្ដជីវិត ហើយផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យ និងភាពងាយរងគ្រោះនានា។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ តាមរយៈពង្រឹងប្រព័ន្ធបញ្ជូនបន្ត និងបណ្តាញតភ្ជាប់ទៅកាន់សេវា និងកម្មវិធីផ្សេងៗទៀត ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គមកាន់តែមានលក្ខណៈទូលំទូលាយ។

សាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៕