(ភ្នំពេញ)៖ លោកបណ្ឌិត Khabele Matlosa សាស្រ្តាចារ្យនៃសាកវិទ្យាល័យ Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង ជំនាញខាងបោះឆ្នោតបានថ្លែងថា «ប្រជាធិបតេយ្យមិនមែនជាទំនិញដែលអាចនាំចេញនាំចូលបានទេ ប៉ុន្តែវាជាជម្រើសរបស់ប្រជាជនមួយ ទៅតាមបរិបទនៃប្រទេសនោះ»

តើអ្វីជាជម្រើសរបស់ប្រជាជនកម្ពុជា?

ជម្រើស គឺដូចអ្វីដែលចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ «យើងប្រជារាស្រ្តខ្មែរ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា «កោះសន្តិភាព» ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឲ្យបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍»

ក្នុងន័យនេះ ក្រោមម្លប់សន្តិភាព តាំងពីឆ្នាំ១៩៩៨ កម្ពុជាបានធ្វើជាម្ខាស់នៃជោគវាសនារបស់ខ្លួនដោយរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ទៅតាមកាលកំណត់ដូចមានចែងក្នុងមាត្រា៧៨នៃរដ្ឋធម្មនុញ្ញ។មាត្រា៧៦នៃរដ្ឋធម្មនុញ្ញបានចែងពីការសម្ងាត់នៃការបោះឆ្នោត។ ការរក្សាការសម្ងាត់នេះ គឺជាលក្ខខណ្ឌមួយនៃការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បូករួមនឹង៖

* ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាក្នុងការឈរឈ្មោះជាបេក្ខជន
* ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការបង្កើតគណបក្សនយោបាយ
* ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ មានសិទ្ធិស្មើគ្នាក្នុងការសម្តែងមតិនយោបាយដោយសេរី
* យន្តការធានាសុវត្ថិភាពជូនបេក្ខជនក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត និង
* យន្តការសុវត្តិភាពនៅពេលបោះឆ្នោត។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតត្រឹមថ្ងៃម្សិលមិញទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៧នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការឃោសនាបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

នេះសបញ្ចាក់ឲ្យឃើញពីដំណើរការជាប្រក្រតីនៃប្រជាធិបតេយ្យដែលជម្រើសរបស់ប្រជាជនខ្មែរ។ ប៉ុន្តែគួរឲ្យសោកស្តាយ ហេតុអ្វីបានជាគណបក្សនយោបាយមួយបែរ ទៅជាគំរាមកំហែងសមាជិករបស់ខ្លួនដែលជាអង្គបោះឆ្នោតទៅវិញ យោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤?
ទង្វើបែបនេះគឺរំលោភទៅលើលក្ខខណ្ឌស្តង់ដានៃការបោះឆ្នោត និងមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលត្រូវយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលចែងថា «...គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឲ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឲ្យគណបក្សយោបាយណាមួយឡើយ»

គណបក្សនយោបាយមួយនោះ តើគាត់ចេះច្បាប់ទេ បានអានច្បាប់បោះឆ្នោតទេ ស្រលាញ់ប្រជាធិបតេយ្យទេ ក្រែងគណបក្សនោះហើយដែលអួតអាងថា ជាអ្នកប្រជាធិបតេយ្យ ឬក៏ប្រជាធិបតេយ្យជាងអ្នកប្រជាធិបតេយ្យទៅទៀត ឬក៏ជាសេណារីយោដដែលជាដដែល ដើម្បីឈានទៅបដិសេធលទ្ធផលនៃការបោះឆ្នោត ដោយហេតុផលថាអង្គបោះឆ្នោតរបស់ខ្លួនត្រូវបានគេគំរាមកំហែង គ.ជ.ប មិនឯករាជ្យ គណបក្សនយោបាយនេះអញ្ចេះ គណបក្សនយោបាយនោះអញ្ចោះ។
ប៉ុន្តែល្បែងបែបនឹង គេស្គាល់ក្រយ៉ៅហើយ រឿងរបស់ឯងសោះ ដើរបន្ទោសគេ ដើរប្រាប់គេ ប្រាប់បរទេស មិនចេះខ្មាស់គេ ឬជាងមិនកើតបន្ទោសដែក។
កន្លងមក គណបក្សនយោបាយមួយព្យាយាមធ្វើឲ្យល្អកកករ បំប៉ោងសម្លេង បោកបញ្ឆោតដើម្បីតែប្រយោជន៍របស់ខ្លួន ដោយមិនមើលព្រៃទាំងមូល ក្នុងប្រធានបទច្រំដែល ការគោរពសិទ្ធិសមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

អ្វីទៅជាបេះដូងពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យ?

បេះដូងពិតប្រាកដគឺការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺត្រូវបូកបញ្ចូលលក្ខខណ្ឌដូចបាន រៀបរាប់ខាងលើ។

តើអាមេរិកជាបិតានៃលទ្ធិប្រជាធិបតេយ្យមែនឬ?
តើអ៊ឺរ៉ុបសហគមទាំង២៧ប្រទេស ពិតជាមានប្រជាធិបតេយ្យដូចគ្នាមែនទេ ឬអាល្លឺម៉ង់ផ្សេង បារាំង ផ្សឹង?

លោក Dominique TRINQUAND អតីតប្រមុខបេសកកម្មយោធាបារាំង ប្រចាំអង្គការសហប្រជាជាតិ និងអង្គការណាតូ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានមានប្រសាសន៍ថា ប្រជាធិបតេយ្យអាមេរិកមិនមែនជាគំរូពិភពលោកទេ ហើយប្រជាធិបតេយ្យអ៉ឺរ៉ុបក៏មិនដូចគ្នាដែរ។ លោកបានលើកជាឧទាហរណ៍ថា អាមេរិកបោះជើង២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) ហើយបានដើរចេញយ៉ាងអាម៉ាស់ ព្រោះបរាជ័យក្នុងការសាបព្រោះប្រជាធិបតេយ្យនៅទីនោះ។ បារាំងក៏ដូចគ្នាដែរ គឺបរាជ័យក្នុងការនាំយកប្រជាធិបតេយ្យទៅកាន់តំបន់សាហែល (Sahel) ដែលនៅទីបំផុតប្រទេសបី Burkina Faso, Niger និង Mali មានរដ្ឋប្រហារយោធា ដែលជាការបដិសេធទៅនឹងប្រជាធិបតេយ្យ។

ការលើកឡើងរបស់លោក Dominique TRINQUAND គឺជាការដាស់ស្មារតីយើងផងដែរ ដើម្បីកុំឲ្យភ្លេចខ្លួន ហើយធ្លាក់ក្នុងឧបាយកលណាមួយ។
ឆ្លងកាត់សង្គ្រាមត្រជាក់ដែលជាការហែកហួរគ្នា រវាងមនោគមន៍វិជ្ជាពីរគឺសេរីនិងកុំមុយនីស្ត រហូតដល់ការដួលរលំជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៨៩ ដែលជានិមិត្តរូបនៃការដួលរលំរបបកុំមុយនីស្ត កម្ពុជាក៏បានធ្លាក់ក្នុងមនោគមន៍វិជ្ជានេះ ដែលធ្វើឲ្យខ្មែរមិនស្គាល់ខ្មែរ បងមិនស្គាល់ប្អូន កូនមិនស្គាល់ឪពុក ម៉ែមិនស្គាល់កូន មនុស្សស៊ីថ្លើមមនុស្ស ព្រៃផ្សៃដូចសត្វធាតុ ដែលគ្មានមនុស្សជាតិណាជួបប្រទះទេ រហូតដល់ប្រជាជនកម្ពុជាពី១.៧លាននាក់ទៅ២.២លាននាក់ បើតាមអង្កេតប្រជាសាស្ត្ររបស់សាលាក្តីខ្មែរក្រហម ត្រូវបានសម្លាប់។

ចប់សង្រ្គាមត្រជាក់ គឺជាការសាយភាយនៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ហើយអឺរ៉ុបគឺខិតខំលើកកំពស់លទ្ធិប្រជាធិបតេយ្យ ទៅកាន់ពិភពលោក ប៉ុន្តែសម្រាប់លោក Dominique TRINQUAND ការវវិវត្តន៍បច្ចុប្បន្ន អាមេរិកមិនអាចទៅរួចទេ ហើយអឺរ៉ុបបានប្រែប្រួលពីការអវិវឌ្ឍន៍ប្រជាធិបតេយ្យ មកត្រឹមការពារប្រជាធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។

ដូច្នេះ ជម្រើសរបស់ប្រជាជនកម្ពុជា គឺបន្តថែរក្សាអ្វីដែលយើងកំពុងមាន ប្រសើរជាងការចង់បានហួសហេតុ ដូចសុភាសិតមួយពោលថាចាប១ក្នុងដៃប្រសើរជាងចាបម្ភៃក្នុងព្រៃ។

ភ្នំពេញ, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤
ដោយ៖ ខាល (KARL)