(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាះភាពភ្ញាក់ផ្អើល ចំពោះភាព ប៉ិនប្រសប់នយោបាយការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាំឱ្យទទួលបានលទ្ធផលហួសការរំពឹងទុក។
លោក ហ្សង់ហ្វ្រង់ស័រ ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងារ៦ខែ នៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «និយាយពីលទ្ធផលនារយៈពេល ៦ខែចុងក្រោយនេះ ជួនកាលខ្ញុំខ្លួនឯង ដែលអមសម្តេចធិបតី និងគណៈប្រតិភជាន់ខ្ពស់ ជួនកាលខ្លួនឯង ក៏មានការភ្ញាក់ផ្អើល នៅចំពោះមុខលទ្ធផលដុំកំភួន ហួសពីការស្មាន។ ពិសេសប្អូនបានលើកឡើងអម្បាញ់មិញ ទស្សនកិច្ចនៅបារាំង និងនៅថៃ។ ខ្ញុំមិនហ៊ានអួត នាយករដ្ឋមន្ត្រីខ្ញុំទេ អាចមកពីភាពប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត»។
លោកបន្តថា ជាមួយប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកសាងមិត្តភាពជាមួយប្រធានាធបិតីបារាំង លោក ម៉ាក្រុង និងជាមួយថៃ សម្តេចតេជោ ហ៊ុន សែន បានកសាងទំនាក់ទំនងយ៉ាងល្អ។
លោក ហ្សង់ហ្វ្រង់ស័រ បានបន្ថែមថា យ៉ាងណាមិញ ទោះស្ថានភាពទូទៅអំណោយផល ក៏គុណសម្បត្តិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើឆាកអន្តរជាតិ មានច្រើន។ សម្តេចធិបតី មានចំណេះដឹងទូលំទូលាយ និងមានសមត្ថភាពក្តាប់បានល្អិតល្អន់គ្រប់វិស័យបញ្ហាមីក្រូ គឺទំនាក់ទំនងទ្វេភាគី និងបញ្ហាម៉ាក្រូ គឺភូមិសាស្ត្រនយោបាយក្នុងតំបន់និងអន្តរជាតិ។ នេះជាលទ្ធភាពមួយ ដែលអនុញ្ញាឲ្យសម្តេចធិបតី ស្វែងរកជំហររួម ប្រយោជន៍រួម និងចក្ខុវិស័យរួម ពេលសម្តេចធិបតីចេញទស្សនកិច្ចនៅក្រៅប្រទេស ព្រោះកាលណាប្រទេសពីររកឃើញប្រយោជន៍រួមគ្នា ប្រទេសទាំងពីរចៀសមិនរួចពីការខិតរកគ្នា និងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយគ្នា៕