(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី តាមរយៈសន្និសីទសារព័ត៌មានសមិទ្ធផលការងារ៦ខែ នៃការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញអំពីផ្លែផ្កាកើតចេញពីនយោបាយការទូតសេដ្ឋកិច្ចរបស់សម្ដេច ក្នុងរយៈពេល៦ខែមកនេះ។
មុនឈានដល់ការបង្ហាញនូវផ្លែផ្កា នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យនិយមន័យអ្វីទៅដែលហៅថា ការទូតសេដ្ឋកិច្ច? ការទូតសេដ្ឋកិច្ច សំដៅដល់សកម្មភាពមួយនៅក្នុងចង្កោមនយោបាយការបរទេសណាមួយរបស់ប្រទេសណាមួយ ដែលមានគោលដៅពិតប្រាកដជាក់ស្ដែងមួយ គឺពង្រឹង និងពង្រីកប្រយោជន៍សេដ្ឋកិច្ច។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានអះអាងថា ក្នុងករណីប្រទេសកម្ពុជា បើពិនិត្យមើលការទូតសេដ្ឋកិច្ច អនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារយៈពេល៦ខែចុងក្រោយនេះ ឃើញថា មានគោលដៅធំៗបី៖
*ទី១៖ បង្កើនទុនវិនិយោគផ្ទាល់ពីបរទេស តាមរយៈការផ្សព្វផ្សាយនៃកម្លាំងទាក់ទាញរបស់ប្រទេសកម្ពុជា។ កម្លាំងទាក់ទាញរបស់ប្រទេសកម្ពុជា មានច្រើនជាអាទិ៍រួមមាន៖ ថាមពលនៃប្រជាជន ដែលមាន៥០ភាគរយនៃប្រជាជនកម្ពុជា មានអាយុក្រោម២២ឆ្នាំ ខណៈនៅលើពិភពលោកមិនមានច្រើនឡើយ, ការលើកទឹកចិត្តឲ្យអ្នកវិនិយោគមក ដោយសារច្បាប់វិនិយោគនៅកម្ពុជា សម្រួលការងារ និងលើកទឹកចិត្តដល់វិនិយោគបរទេស, សក្ដានុពលដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មខ្លាំងទៅក្នុងតំបន់ និងអង្គការពាណិជ្ជកម្មជាទូទៅ
*ទី២៖ ទាក់ទាញទេសចរណ៍បរទេស ដែលកិច្ចការទាំងអស់ត្រូវបានសម្រួចទៅកាន់គោលដៅនៃការទាក់ទាញទេសចរណ៍ ជាអាទិ៍ បញ្ចុះបញ្ចូលក្រុមហ៊ុនឯកជន, បញ្ចុះបញ្ចូលប្រទេសមួយជំរុញឲ្យមានការហោះហើរផ្ទាល់មកកាន់រាជធានីភ្នំពេញ ឬខេត្តទេសចរណ៍ដទៃ ដែលអាចនាំទេសចរណ៍មកកាន់កម្ពុជា
*ទី៣៖ លើកកម្ពស់ និងបង្កើនការនាំចេញ នៃផលិតផលដែលផលិតនៅកម្ពុជា។
លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់នូវលទ្ធផលនៅខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងថ្មី និងគម្រោងផលិតកម្ម ចំនួន៣២ត្រឹមរយៈពេលមួយខែ។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ១៨៧លានដុល្លារ និងអាចបង្កើនការងារជូនប្រជាពលរដ្ឋប្រមាណជិត២៩,០០០កន្លែង។
ដោយឡែក សម្រាប់រយៈពេល៨ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១៧២គម្រោង គិតជាទុនវិនិយោគមានប្រមាណ ៤,០០០លានដុល្លារ ដែលអាចបង្កើនការងាររហូតដល់ជិត ១៩ម៉ឺនកន្លែង។ ទាំងអស់នេះ អាចជួយឲ្យក្រុមគ្រួសារនេះប្រជាពលរដ្ឋកម្ពុជា ប្រមាណយ៉ាងតិច១៩ម៉ឺនគ្រួសារអាចមានប្រាក់ចំណុល។ នេះបើតាមការគូសបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្ថែមទៀតថា បើទោះបី បរិបទសេដ្ឋកិច្ចពិភពលោកដែលនៅបន្ដធ្លាក់ដុនដាមខ្លាំង ប៉ុន្ដែលទ្ធផលទាំងអស់នេះ សុទ្ធសឹងជាផលវិជ្ជមានជំហានដំបូងនៃការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕