(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងារ៦ខែ នៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញទិដ្ឋភាព មួយចំនួន នៅពេលកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេសអ្នកមាន នៅឆ្នាំ២០៥០។
លោក ប៉ែន បូណា បានអះអាងថា ការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេស អ្នកមាននៅឆ្នាំ២០៥០ គឺជាចក្ខុវិស័យរយៈពេល២៥ឆ្នាំទៅមុខ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់នៅក្នុងយុទ្ធសាស្ដ្របញ្ចកោណ។ លោកថា ចាប់ពីពេលនេះទៅ កម្ពុជាត្រូវបោះជំហានចំនួន២ គឺឆ្នាំ២០៣០ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់តែម្ដង។
រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លោក ប៉ែន បូណា បានលើកនូវអំណះអំណាងមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា ហ៊ានកំណត់បែបនេះ ពោលដោយសាររាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ មានគ្រឹះដ៏រឹងមាំដែលបានកសាងឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្ដមកអ្នកជំនាន់ក្រោយដែលសុទ្ធសឹងតែជាអ្នកបន្ដវេនដ៏ខ្លាំងពូកែ ប្រកបដោយសមត្ថភាព និងមានឆន្ទៈមុះមុត។
ឆ្លើយតបជាមួយសំណួរថា តើស្ថានភាពកម្ពុជា នៅឆ្នាំ២០៥០ ពេលក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ឬប្រទេសអ្នកមានរបៀបណានោះ? លោក ប៉ែន បូណា បានបង្ហាញដោយបែងចែកជ្រុងសំខាន់មួយចំនួនរួមមាន៖
* ជ្រុងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចប្រជាពលរដ្ឋមានចំណូលខ្ពស់ ប៉ុន្ដែត្រូវតែជាសេដ្ឋកិច្ចមួយដែលមានភាពធន់ រឹងមាំ បរិយាប័ន្ន។ ភាពធន់មានន័យថា សេដ្ឋកិច្ចដែលមិនងាយមានអ្វីមានប៉ះពាល់បានទេ, រឹងមាំ មានន័យថា គ្មានឥទ្ធិពលអ្វីដែលងាយនឹងផ្ដួលរលំសេដ្ឋកិច្ចកម្ពុជាបានទេ និងបរិយាប័ន្ន មានន័យថា ការបែងចែកភាគផលដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌។
* ជ្រុងនយោបាយ៖ កម្ពុជាជារដ្ឋមួយដែលរឹតម៉ឹង សុខសន្ដិភាព ស្ថេរភាពនយោបាយ នីតិរដ្ឋ មានយុត្តិធម៌សង្គម ឯករាជ្យម្ចាស់ការ អធិបតេយ្យភាព បូរណភាពទឹកដី មានកិត្យានុភាពខ្ពស់ នៅលើឆាកអន្ដរជាតិ ហើយស្មើភាព ស្មើមុខមាត់។
* ជ្រុងសង្គមកិច្ច៖ កម្ពុជាជាប្រទេសមួយដែលប្រជាពលរដ្ឋគ្រប់រូប ទទួលបានការគាំពារពីសង្គមគ្រប់បែបយ៉ាងទាំងអស់ នៅពេលដែលពួកគាត់មានបញ្ហា ដូចកម្មវិធីគោលនយោបាយ៦ចំណុច។
* ជ្រុងបរិស្ថាន៖ ជាប្រទេសមួយដែលមានបរិយាកាសល្អ បរិស្ថានបៃតង ប្រជាពលរដ្ឋសប្បាយរីករាយជាមួយបរិស្ថានល្អ។
* ធនធានមនុស្ស៖ ជាមូលធនមនុស្សដូចក្នុងជ្រុងទី១ នៃយុទ្ធសាស្ដ្របញ្ចកោណបានបញ្ជាក់ថា ការកសាងមូលធនមនុស្ស ជាធនធានមនុស្សដែលមានកម្រិតខ្ពស់ ហើយមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយ។ ជាមនុស្សដែលមានគុណធម៌ សីលធម៌ សុខភាពល្អ ឆន្ទៈការងារខ្ពស់។
ដើម្បីឈានសម្រេចបានទាំងស្រុងនូវមហិច្ឆតាទាំងអស់នេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីទទួលបានជោគជ័យ៕