(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចពិភាក្សាស្ដីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម» ដោយមានការបកស្រាយពីវាគ្មិន ជាអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤រូប ក្រោមការសម្របសម្រួលកិច្ចពិភាក្សាដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

កិច្ចពិភាក្សានេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, អនុប្រធាន គណៈទីប្រឹក្សា និងសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល, ភ្ញៀវកិត្តិយសជាតិ, មន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង ១៤, មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៨០នាក់។

តាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា ការរៀបចំនូវកិច្ចពិភាក្សាលើប្រធានបទ «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម» គឺចង់បង្ហាញពីការពង្រឹងគុណភាពសេវាថែទាំសុខភាព ដែលនេះជាជំនាញរបស់សុខាភិបាល និងការងាររបស់កាកបាទក្រហមកម្ពុជា ដែលមានតួនាទីក្នុងការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីការទៅទទួលសេវាសុខាភិបាល ។

លោកស្រីបានបន្ដថា «ដូច្នេះគោលបំណងក្នុងការរៀបចំកិច្ចពិភាក្សាថ្ងៃនេះ គឺទី១៖ ដើម្បីដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ និងរំលឹកឡើងវិញ នូវកាលបរិច្ឆេទដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី២ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី ២១ កុម្ភៈ ២០១១, ទី២៖ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់បងប្អូនរួមជាតិ ជាពិសេសយុវវ័យស្តីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម» និងទី៣៖ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍមូលធនមនុស្ស ដែលប្រកបដោយសុខភាពល្អ និងមានសមត្ថភាព»

ដើម្បីជ្រាបកាន់តែច្បាស់ ពីកម្មវិធីខាងលើនេះ សូមលោកអ្នកនាង អញ្ជើញទស្សនាកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដែលមានដូចតទៅ៖