(បន្ទាយមានជ័យ)៖ ក្រុមអាជីវករលក់ដូរនៅតាមតូបផ្នែកខាងលិច នៃផ្សារថ្មីប៉ោយប៉ែត បានស្នើឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ទៅម្ចាស់ផ្សារថ្មីប៉ោយប៉ែត បញ្ចុះតម្លៃតូបទៅដូចដើមវិញ ដើម្បីជួយលើកស្ទួចកម្រិតជីវភាពរបស់ពួកគាត់។
ក្រុមអាជីវករទាំងនេះបានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ថា កាលពីមុន តូបពួកគាត់មានទំហំ១ បណ្តោយ៥ម៉ែត្រ ត្រូវបង់ថ្លៃជូនម្ចាស់ផ្សារ១ខែ ចំនួន៦ម៉ឺនរៀល ប៉ុណ្ណោះ តែពេលដែលក្រុមហ៊ុនផ្សារ បានសាងសង់ថ្មី បែរជាតម្លើងថ្លៃដល់៤ពាន់បាត(លុយថៃ) ស្នើនឹង៥៦ម៉ឺនរៀលក្នុង១ខែ ក្នុងទំហំ៣ម៉ែត្រ បណ្តោយ៤ម៉ែត្រ ធ្វើឲ្យពួកគាត់ពិបាកក្នុងការបង់លុយជូនក្រុមហ៊ុន។ ពួកគាត់បន្តថា ក្រោយពីសាងសង់តូបថ្មីនេះ ពួកគាត់បានមកតវ៉ា សុំអន្តរាគមន៍ដល់អាជ្ញាធរក្រុង ជួយរកដំណោះដោះស្រាយជូនពួកគាត់ មិនដូច្នោះទេ ពួកគាត់ នឹងប្រឈមការបាត់បង់ថវិកា សេដ្ឋកិច្ចគ្រួសារ ជាពិសេសនោះកូនៗប្រុសស្រី កំពុងសិក្សាប្រចាំថ្ងៃផងដែរ។ ពួកគាត់សូមសំណូមពរឲ្យម្ចាស់ផ្សារអគ្គៈថ្មីប៉ោយប៉ែត បន្ធូរបន្ថយថ្លៃតូបដូចដើម ឬក៏ក្នុងតម្លៃសមរម្យណាមួយ។
លោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងទៅកាន់ក្រុមអាជីវករទាំងអស់ និងសន្យារកដំណោះដោះស្រាយជូន ឲ្យបានឆាប់រហ័ស។ លោកនឹងចាត់ឲ្យក្រុមការងារអញ្ជើញម្ចាស់ផ្សារអគ្គៈថ្មីប៉ោយប៉ែត មកសាកសួរ និងរកផែនការណាមួយជួយដល់ក្រុមអាជីវករទាំងអស់ទៅតាមលិទ្ធភាពរបស់អាជ្ញាធរក្រុងប៉ោយប៉ែត។ ទោះបីជាយ៉ាងណា ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីម្ចាស់ផ្សារថ្មីប៉ោយប៉ែត បានឡើយ ព្រោះគ្មានលេខសំរាប់ទំនាក់ទំនង៕