(កណ្តាល)៖ លោកស្រី លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរដល់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដែលសម្រេចស្នាដៃយ៉ាងច្រើនគួរជាទីមោទន។

លោកស្រីថ្លែងកោតសរសើរបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកស្រីបានថ្លែងថា ក្នុងចំណោមសមិទ្ធផលសម្រេចបានជាច្រើនរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងនោះសមិទ្ធផលដែលលេចធ្លោលើសពីការរំពឹងទុក គឺខេត្តកណ្ដាលបានសម្រេចជាខេត្ត បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) មុនផែនការកំណត់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះបើតាមដឹងព័ត៌មានបឋម ខេត្តកណ្តាល គ្រោងនឹងឈានទៅសម្រេចបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) មួយកម្រិតថែមទៀត នៅដើមឆ្នាំ២០២៤។

លោកស្រីរដ្ឋលេខាធិការកបានបន្តថា កិច្ចប្រជុំបូកសរុប ពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រមទាំងបានចែករំលែក និងប្រមូលធាតុចូល និងពិភាក្សាឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ដោយពិនិត្យ និងវាយតម្លៃលើ បញ្ហា ការប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយ។

ក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាពដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកស្រី ជី ងាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានថ្លែងថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ មន្ទីរអភិវឌ្ឍន៍ជនបទ បាន និងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈវិស័យសំខាន់ៗចំនួន៤ដូចជា  (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (២). ការងារផ្ដល់សេវាសុខភាព និងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជន (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ៕