(សៀមរាប)៖ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនា មហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងរាប់បាត្រប្រគេនព្រះស្បចំនួន១០៨អង្គ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តាន ដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួលផលបុណ្យ ដោយពិធីបុណ្យនោះដែរ បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា ការប្រារព្ធធ្វើបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨អង្គនាពេលនេះ ដើម្បីបានបច្ច័យយកមកឲ្យថ្លៃគ្រឿងសំណង់នៃការជួសជុលធ្វើឈាបនដ្ឋាន រួមទាំងក្រាលការ៉ូឡានៅបរិវេណកន្លែងបូជាសពបន្តទៀត ដែលមានចំនួន ១,៥០០ម៉ែត្រការ៉េ ត្រូវចំណាយបច្ច័យអស់ ៩,០០០ដុល្លារ (ក្នុង១ម៉ែត្ររ៉េតម្លៃ៦ដុល្លារ) ផងដែរ។

ព្រះគ្រូចៅអធិការ មានសង្ឃដីកាបន្តថា ពិធីបុណ្យទេសនាមហាវេស្សន្តរជាតក គឺបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនា ហើយគឺជាប្រវត្តិរឿងសន្សំកុសលជាតិចុងក្រោយបង្អស់របស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វ ដែលបានបំពេញបារមីដ៏មហស្ចារ្យ ពោល គឺទានបារមី ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងជាតិមុខ។

ព្រះគ្រូវិចិត្រវង្សា មានសង្ឃដីទៀតថា ជាតក គឺមានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ រៀបរាប់ដំណើរជីវិត និងការបំពេញទានរបស់ព្រះវេស្សន្តររាប់តាំងពីដំរីបច្ច័យនាគបរិច្ចាគសត្តសតកមហាទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និងគ្រឹស្នាជាបុត្រ ព្រមទាំងប្រកាសនឹងបរិច្ចាគនាងមទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផង។ ចិត្តសន្ធាប់ពេញទានដ៏ជ្រះថ្លារបស់ព្រះអង្គ មានតាំងពី គង់នៅនគរស្រីពិរាស្ត្ររហូត ក្នុងដំណើរតាមផ្លូវទៅគង់នៅក្នុងព្រៃភ្នំគិរីវង្គត។ បើធៀបនឹងជាតកផ្សេងទៀតក្នុងបណ្តាទសជាតក ឬជាតកទាំង ១០ មហាវេស្សន្តរជាតក ហាក់ដូចជាពេញនិយមក្រៃលែងក្នុងសង្គមពុទ្ធសាសនាតាំងពីដើមរៀងមក។

ព្រះគ្រូចៅអធិការ មានសង្ឃដីកាបន្ថែមទៀតថា ចំពោះពិធីរាប់បាត្រព្រះសង្ឃ ១០៨នេះ គឺមានគោលបំណងដឹកនាំបងប្អូនប្រជាពុទ្ឋបរិស័ទឧទិ្ទសថ្វាយព្រះរាជមហាកុសលដល់ព្រះមហាក្សត្រគ្រប់ជំនាន់ និងបុព្វបុរសខ្មែរយើង ដែលបានធ្វើការកសាងប្រាង្គប្រាសាទ ទុកជាមរតកដ៏មានតម្លៃដ៏មហាសាលសម្រាប់កូនចៅជំនាន់ក្រោយ ហើយដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។ ដោយក្នុងឱកាសនោះដែរលោកអភិបាលក្រុងសៀមរាបក៏បានប្រគេនអង្ករ ដល់វត្តប្រាសាទគោកចក នូវអង្ករ ចំនួន១តោន សម្រាប់ប្រើប្រាស់ក្នុងវត្ត។

ព្រះគ្រូចៅអធិការ បានគូសបញ្ជាក់ថា ក្នុងពិធីនេះដែរ ក៏មានបងប្អូន ញាតិញោមជិតឆ្ងាយដែលបានចូលរួម ក្នុងពិធីបុណ្យទេសនាមហាវេស្សន្ដរជាតក បានចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លូនហើយ ក៏មានការប្រមូលបច្ច័យពីបងប្អូនពុទ្ធបរិស័ទ យកមកបម្រើការក្រាលការ៉ូឡា ដែលមានផ្ទៃក្រឡា ១,៥០០ម៉ែត្រក្រឡា នៅបរិវេណឈានបនដ្ឋានផងដែរ៕