(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ ចំនួន៨ចំណុច ទៅដល់មន្ទីរ អង្គភាពនានាជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ជាពិសេសអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត និងត្រៀមបង្កលក្ខណៈងាយស្រួលសម្របសម្រួល ដល់វិនិយោគមកអភិវឌ្ឍន៍ខេត្តពោធិ៍សាត់។

លោកអភិបាលខេត្ត បានដាក់ចេញវិធានការបែបនេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលស្រុកក្រុងទាំង៧ មេឃុំចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ សរុបប្រមាណជាង១៦០នាក់។

ក្នុងកិច្ចប្រជុំនោះ មានការរាយការណ៍ ពាក់ព័ន្ធការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងសេចក្តីរាយការណ៍រដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣ អំពីបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការកោតសរសើរ ដល់មន្ទីរ អង្គភាព និងរដ្ឋបាល ស្រុក ក្រុង ឃុំ សង្កាត់ ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តនូវតួនាទីភារកិច្ច ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការចុះជួយអន្តាគមន៍ ពាក់ព័ន្ធទៅនឹងការចែកចាយទឹក សម្រាប់ស្រូវរដូវប្រាំង និងបានរួចផុតពីការខូចខាត និងឈានទៅប្រមូលផលជាបន្តបន្ទាប់។ តែទោះជាយ៉ាងនេះ ទាំងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តត្រួតពិនិត្យតាមដានឱ្យបានជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ព្រោះថាបញ្ហាចែកចាយទឹកនេះ ពិតជាមានសារៈសំខាន់ណាស់ បើមិនបង្កើនការប្រុងប្រយ័ត្នទេនោះ ពិតជាជួបនូវផលវិបាកជាក់ជាមិនខានឡើយ។

ពិតណាស់ថាខេត្តពោធិ៍សាត់បច្ចុប្បន្ន មានការប្រែមុខប្រែមាត់ច្រើន ដែលប្រមុខរាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ខ្ពស់ ទម្លាក់គម្រោងផែនការអភិវឌ្ឍន៍ជាច្រើន ដែលទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមសហការគាំទ្រ ព្រមទាំងសម្របសម្រួលគ្រប់បែបយ៉ាង ដល់វិនិយោគគិន។

លោកក៏​បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ទៅដល់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ជាពិសេសអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣៖

១-ត្រូវចាត់ការក្មេងទំនើងឱ្យអស់កុំឱ្យមាន ក្នុងករណីកើតមានច្រើនកន្លែងណា ត្រូវពិនិត្យ និងចាត់ការជាបន្ទាន់ ហើយជាយោបល់ខ្ញុំ ត្រូវរៀបចំកម្លាំងប្រជាការពារ ជួយធ្វើការងារតាមគោលដៅ។
២-ត្រូវចាត់វិធានការកម្ចាត់បញ្ហាគ្រឿងញៀន កុំឱ្យកើតមានឡើងនៅក្នុងមូលដ្ឋានរបស់យើង ដាច់ខាតសមត្ថកិច្ចកុំពាក់ព័ន្ធជាមួយគ្រឿងញៀន ចំពោះអ្នករាយការណ៍អ្នកពាក់ព័ន្ធគ្រឿងញៀន លោកនឹងមានរង្វាន់លើកទឹកចិត្ត។
៣-ចំពោះអាជ្ញាប័ណ្ណឆ្នោតផ្សងសំណាង ឬឡូតូ ដែលមានច្បាប់ ឬគ្មានច្បាប់ ត្រូវត្រួតពិនិត្យឡើងវិញ ដាច់ខាតកុំឱ្យពង្រីកថ្មីបន្ថែម ប្រសិនបើកើតមាននៅមូលដ្ឋានណា មូលដ្ឋាននោះត្រូវទទួលខុសត្រូវ។
៤-ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាក្រៅ ដែលជាឃាតករលាក់មុខ សម្លាប់ប្រជាពលរដ្ឋរាល់ថ្ងៃ ដូច្នេះហើយសូមឱ្យកម្លាំងសមត្ថកិច្ច ដាក់ប៉ុស្តិ៍ប្រចាំការត្រួតពិនិត្យឈរមើល ក្នុងករណីមិនប្រក្រតីត្រូវឃាត់ជាបន្ទាន់។
៥-ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ យើងត្រូវប្រឹងប្រែងធ្វើឱ្យបាន និងត្រូវកសាងកម្លាំងប្រជាការពារ ដោយបំពាក់វិទ្យុទាក់ទងឱ្យពួកគាត់ ដើម្បីជួយការពារសន្តិសុខតាមភូមិ ឃុំ សង្កាត់ ឱ្យមានសុវត្ថិភាព។
៦-ត្រូវសហការចូលរួមសម្អាតអនាម័យបរិស្ថាន ដោយឡែកមន្ទីរបរិស្ថានខេត្ត ត្រូវជួយពិនិត្យមើលកន្លែងចាក់សម្រាម ហើយមន្ទីរទេសចរណ៍ ត្រូវត្រួតពិនិត្យមើលការធ្វើបដិសណ្ឋារកិច្ច នៅតាមអាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ឱ្យបានសមរម្យ។
៧-ត្រូវសហការការពារព្រៃឈើ ដាំដើមឈើ និងត្រូវត្រៀមបណ្តុះកូនឈើឡើងវិញ រីឯរដ្ឋបាលជលផល ត្រូវបោះបង្គោលក្នុងតំបន់អភិរក្សឱ្យបានលឿន និងឆាប់រហ័ស។
៨-សម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ គ្រប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើផែនការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន រួមទាំងការរៀបចំសណ្តាប់ធ្នាប់អនាម័យសាធារណៈផងដែរ៕