(សៀមរាប)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ អមជាមួយការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប ក្រោមវត្តមានរបស់លោក សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោក ង៉ូវ សេងកាក់ បានលើកឡើងថា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងទេសចរណ៍​ ដែលបានខិតខំប្រឹងប្រែងក្នុងការជំរុញ និងផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ នៅទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាប នាពេលកន្លងមក។ ជាក់ស្តែងថ្ងៃនេះ ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីលទ្ធផលវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រ​វាងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ជាមួយនឹងវិស័យឯកជន។

លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងឆ្នាំ២០២០កន្លងទៅ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃខេត្តសៀមរាប ត្រូវបានផ្តួចផ្តើមរៀបចំដោ​យ​​រដ្ឋបាលខេត្តសៀមរាប ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងគោលបំណងធ្វើឱ្យខេត្តសៀមរាបក្លាយជាទីក្រុងឆ្លាតវៃ។ ដំណាក់កាលនៃការរៀបចំនេះ ត្រូវបានធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយតំណាងប្រជាពលរដ្ឋ វិស័យឯកជន សាកលវិទ្យាល័យដៃគូអភិវឌ្ឍ​ន៍ និងអ្នកជំនាញ។ ការបោះពុម្ពលើកទីមួយនៃផែនទីបង្ហាញផ្លូវនេះត្រូវបានព្រាង និងអនុម័តយ៉ាងទូលំទូលាយនៅឆ្នាំ២០២១។ ផែនទីបង្ហាញផ្លូវនេះត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ ផែនទីបង្ហាញផ្លូវនេះមានបំណងធ្វើជាឯកសាររស់នៅ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរគម្រោង និងសកម្មភាពអាទិភាព ផែនការ នឹងរួម​បញ្ចូល​គំនិត​ផ្ដួចផ្ដើម​ទីក្រុង​ឆ្លាត​ជាច្រើន​ក្នុង​ខេត្តសៀមរាប។

លោកបន្តទៀតថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ តាមរយៈលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន​លើកទី១៩ សម្តេចប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាប្តេជ្ញាថែរក្សាឱ្យខានតែបាននូវសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីបង្កើននូវវិបុលភាពរួមដល់ជាតិមាតុភូមិទាំងមូល ជាមួយនឹងភារកិច្ចដ៏ធំធេងនេះ រាជរដ្ឋាភិបាលបាន និងកំពុងប្រកាន់ខ្ជាប់នូវគោលការណ៍ហ៊ានស្ដាប់ ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់។

ទន្ទឹមនឹងនោះដែរ លោក សេង ម៉េងហុង បានលើកឡើងថា សិក្ខាសាលានេះ រៀបចំទ្បើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្លើយតបទៅនឹងការវិវត្ដនាពេលបច្ចុប្បន្ន និងដើម្បីផ្សព្វផ្សាយឱ្យកាន់តែ ទូលំទូលាយ នូវវិធានការគន្លឹះមុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាលក្នុងការជួយស្តារស្ថានភាព​ទេសចរណ៍ខេត្តសៀមរាប។ ជាពិសេស តាមរយៈការផ្តើមដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប២០២៤» ដោយផ្សារភ្ជាប់ជាមួយកញ្ចប់វិធានការស្តារ​ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាប ដូចជា៖ វិធានការសម្រួលការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិផ្លូវគោក និងផ្លូវអាកាស, កញ្ចប់វិធានការលើក ទឹកចិត្តផ្នែកពន្ធដារ, កញ្ចប់កម្មវិធីហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់សមរម្យ, ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់​វិស័យទេសចរណ៍ និងវិធានការផ្សេងទៀត សម្រាប់ជួយខេត្តសៀមរាបក្នុងឆ្នាំ២០២៤នេះ។

លោក សេង ម៉េងហុង បានបន្តថា ក្រោយការរៀបចំប្រកបដោយជោគជ័យ ពិធីប្រកាសបើកជាផ្លូវការ «ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ។ ខេត្តសៀមរាបនឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៨ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដោយពិធីបើក​ផ្លូវការនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ជាមួយនេះដែរ លោកជឿជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះនឹងក្លាយជាធាតុចូលមួយយ៉ាងសំខាន់ សម្រាប់ជំរុញប្រតិបត្តិករទេសចរណ៍ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា និងឧត្តមានុវត្តខ្ពស់ ស័ក្កសមជាគោលដៅទេសចរណ៍អន្តរជាតិ​ដ៏ទាក់ទាញប្រកបដោយគុណភាព, ផ្តល់នូវធនធានទេសចរណ៍សម្បូរបែប, មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគំាពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ និងមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនផង​ដែរ៕