(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី វិជ្ជាសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ប.ស.ស ដើម្បីជួយសង្គ្រោះពលរដ្ឋ និងកម្មករ។

ក្នុងពិធីនេះដែរ បានធ្វើឡើងនៅទីស្នាក់ការ បេឡាជាតិសន្តិសុខសង្គម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់មួយដែលយើងទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសកម្មករនិយោជិតដែលរងគ្រោះថ្នាក់ដោយចៃដន្យ។

លោក ហេង សុផានណារិទ្ធ បានបន្តថា ការសង្គ្រោះបឋមនេះ គឺដើម្បីឱ្យពលរដ្ឋ ឬកម្មករនិយោជិតដែលមានអាការៈខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង គ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុ ផ្សេងៗទៀត ត្រូវបានសង្គ្រោះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងការបញ្ជូនជនរងគ្រោះទៅសង្គ្រោះមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យជនរងគ្រោះ មានសភាពកាន់តែធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារមិនមានអ្នកយល់ដឹងពីរបៀបក្នុងការសង្រ្គោះបឋមមុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២៣ កន្លងទៅក្រុមគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម នៃ ប.ស.ស. បានចុះអប់រំផ្សព្វផ្សាយអំពីវិជ្ជាសង្គ្រោះបឋម ជូនដល់កម្មករនិយោជិត តាមបណ្តារោងចក្រ សហគ្រាសបានចំនួន ៥៨លើក ដោយមានអ្នកចូលរួមសរុប ៤,០៨៤នាក់ ស្រី ២,៧៤២នាក់ ផងដែរ៕