(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីល្បីៗរបស់កម្ពុជា ដែលជាតួសម្តែងនៅក្នុងរឿងភាគចំនួនពីរ របស់PNN ដែលនឹងចាប់ផ្តើមចាក់ផ្សាយ ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ នឹងជួបជាមួយប្រិយមិត្តរបស់ខ្លួនផ្ទាល់ នៅផ្សារទំនើបអ៉ីអននា (aeon mall) នាថ្ងៃសុក្រទី០២ ខែកញ្ញាឆ្នាំ២០១៦ វេលា ម៉ោង៥ល្ងាច។នេះចាត់ទុកថាជាព្រឹត្តិការណ៍ដំបូងបង្អស់មិនធ្លាប់មានពីមុនមកដែលតារាសម្តែ ងនៅក្នុងខ្សែភាពយន្តភាគខ្មែរជួបជាមួយនឹងប្រិយមិត្តរបស់ខ្លួនដោយផ្ទាល់បែបនេះ។
ចំពោះវត្តមានតារាសម្តែងល្បីៗ ដែលនឹងចូលរួមក្នុងជំនួបពិសេសនេះ មានដូចជា លោក អេវីន,ក ញ្ញា តូតា, អ្នកនាង គ្រត និង លោក ជា សំណាង ដែលពួកគេមកពីផលិតកម្ម អិលឌីភិចឆ័រ រឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ»។ ដោយឡែកតួសម្តែង ដែលមកពីផលិតកម្មខ្មែរមេគង្គរឿង សង្គ្រាមបេះដូង វិញមានដូចជា លោក ហេង នរៈកក្កដា ,លោក សន កាយ៉ាឌី,កញ្ញា ឡាយ សម្ផស្ស, កញ្ញា ចេស៊ីកា ,អ្នកស្រី ង៉ែត សុវណ្ណលីតា ,កញ្ញា ឃីង សុរិយា រួម នឹង វត្តមានតារាល្បីៗ ជាច្រើនរូបទៀត។
លោក Glen Felgate នាយកប្រតិបត្តិស្ថានីយទូរទស្សន៍ ភីអិនអិន បានមានប្រសាសន៍ថា ភីអិនអិន (PNN) បានវិនិយោគទឹកប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់ ទៅលើសិល្បករក្នុងស្រុក អ្នកសរសេរ Script ក្នុងស្រុក និង ផលិតកម្មក្នុងស្រុក ដើម្បីសម្រិតសម្រាំង រឿងភាគខ្មែរ ដែលល្អគួរជាទីចាប់អារម្មណ៍ ជូនដល់អ្នកទស្សនា ហើយ ភីអិនអិន ក៏បានវិនិយោគទឹកប្រាក់រាប់ម៉ឺនដុល្លារ ផ្សេងទៀតផងដែរ ដើម្បីផ្សព្វផ្សាយរឿងភាគ ដែលផលិតបានទាំងនោះ។
លោក Glen Felgate បានបន្តថា សម្រាប់ព្រឹត្តិការណ៍ នៅផ្សារទំនើបអ៉ីអននេះ គឺគ្រាន់តែជាផ្នែ កមួយនៃយុទ្ធនាការផ្សព្វផ្សាយរបស់យើង ដើម្បីឲ្យប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ និងមានមោទនភាពចំពោះរឿងភាគខ្មែរ។ ខ្សែភាពយន្តភាគខ្មែរថ្មីចំនួនពីរ នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ភីអិនអិន គឺរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង»។
ចំណែករឿងភាគ បែបមនោសញ្ចេតនា កំប្លែង លាយឡំដោយការកាច់កុងគ្នា រវាងកូនប្រសា និងម្តាយក្មេកគឺរឿង«ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជាស្នាដៃដឹកនាំរបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម អិលឌីភិចឆ័រ (LD Picture)។ រឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេតនាស្នេហា រវាងប្តីប្រពន្ធវ័យក្មេងមួយគូ រស់នៅជាមួយនឹងម្តាយក្មេក ដែលពិបាកយល់ចិត្តស្គាល់តែកំហុសរបស់កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំ ទៅដល់ម្តាយក្មេក និងកូនប្រសារសម័យថ្មីទាំងអស់ ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នា ទើបអាចរស់នៅជាមួយគ្នាប្រកប ដោយសេចក្តីសុខ។ ខ្សែរឿងមួយនេះធានាថា ទូរទស្សនិកជនប្រាកដជាទទួលបាន នូវសំណើចសើចក្អកក្អាយ ដោយសារសំបូរទៅ ដោយឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែង ដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗ ដែលមានបទពិសោធន៍ក្នុងការសម្តែង ជាយូរឆ្នាំមកហើយ។
រីឯរឿងដែលឆ្លុះបញ្ចាំង ពីតថភាពពិតក្នុងសង្គមខ្មែរ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងច្រើន ដែលធ្វើឲ្យទូរទស្សនិកជនត្រូវតាមដាន ដោយយកចិត្តទុកដាក់នោះ គឺជាស្នាដៃផលិត របស់ផលិតកម្មល្បីក្នុងស្រុក និងមានការទទួលស្គាល់ ពីសំណាក់ទូរទស្សនិកជនខ្មែរ ជាយូរមកហើយនោះ គឺផលិតកម្មខ្មែរមេគង្គ (KMF)។
ទន្ទឹមគ្នានេះដែរ សម្រាប់ខ្សែភាពយន្តរឿង «សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រី ត្រូវប្រឆាំងនឹងបេះដូងរបស់ខ្លួន ទៅរៀបការជាមួយនឹង មនុស្សដែលខ្លួនមិនស្រឡាញ់ជាថ្នូរ នឹងប្រាក់ជូនម្តាយដែលញៀន នឹងល្បែង និងការបានបន្តនៅ ជិតមនុស្សដែលនាងស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំង ខណៈដែលការពិតអ្វីៗសុទ្ធតែជាការរៀបចំទុក ជាមុនដោយមិនឲ្យនាងដឹងពីសំណាក់ បុរសជាទីស្រឡាញ់របស់នាង។
សូមបញ្ជាក់ថា សម្រាប់ខ្សែភាពយន្តរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ត្រៀមនឹងចាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍ប៉ុស្តិ៍ PNN រៀងរាល់ថ្ងៃចន្ទ ដល់ពុធ ។ ចំណែករឿង «សង្គ្រាមបេះដូង»នឹងចាប់ផ្តើមចាក់បញ្ចាំង នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៨យប់ចាប់ ពីថ្ងៃចន្ទទី៥ ខែកញ្ញា នេះតទៅ។
ជាមួយគ្នានេះដែរស្ថានីយទូរទស្សន៍ ភីអិនអិន ក៏បានបេ្តជ្ញាចិត្តក្នុងការផលិត ខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយ ជូនទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោង នៃខ្សែភាពយន្តភាគ៕