(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធនានានៅតាម ក្រុង ស្រុក ទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់រក្សាសុវត្ថិភាពជូនអង្គបោះឆ្នោត ក៏ដូចជារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ អំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។

ការថ្លែងណែនាំរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

លោកបានបញ្ជាក់ថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្ខិតបង្ខំគម្រាមកំហែងអ្នកបោះឆ្នោត ក៏ដូចជាសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ស្តីពីការគម្រាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ជាការរំលោភសិទ្ធក្នុងការសម្រេចចិត្តរបស់អង្គបោះឆ្នោត។

ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏បានប្រាប់អង្គប្រជុំពីការចុះពិនិត្យ ណែនាំ និងផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មឆ្នោត ឡូតូ តាមអនឡាញសរុបបានចំនួន១២៨ទីតាំង។

លោកបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនសម្រាប់រដ្ឋបាល ក្រុង ស្រុក និងកម្លាំងប្រដាប់អាវុធយកទៅអនុវត្តរួមមាន៖

* ត្រូវរក្សាសុវត្ថិភាពជូនអង្គបោះឆ្នោត ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរអំឡុងពេលនេះ ជាពិសេសអំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
* ទប់ស្កាត់ បង្រ្កាបក្មេងទំនើង ការជួញដូរ ការប្រើប្រាសគ្រឿងញៀន ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់
* ទប់ស្កាត់បទល្មើសព្រៃឈើ ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ
* ផ្សព្វផ្សាយអំពីការបំពុលបរិយាកាស ដោយសារឆៃព្រៃ ភ្លើងឆៃព្រៃ
* ត្រៀមបង្ការជាប្រចាំនូវរថយន្តទឹក សម្រាប់បង្ការគ្រោះអគ្គីភ័យ
* ត្រូវតាមដានអនុសាសន៍ដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី និងគោលការណ៍នានា ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញសម្រាប់អនុវត្ត
* ជំរុញប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរអស់សុពលភាពទៅធ្វើថ្មី
* ជំរុញប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍
* ត្រូវបានសាមគ្គីភាពផ្ទៃក្នុង។

នៅក្នុងឱកាសនេះ លោក គីម រិទ្ធី បានប្រគល់រថយន្ត១គ្រឿង ដល់គណៈបញ្ជការឯកភាពក្រុងព្រះវិហារ ដែលជារថយន្តទី៥ បន្ទាប់ពីបានប្រគល់ជូនរដ្ឋបាលស្រុកគូលែន ស្រុករវៀង ស្រុកឆែប និងស្រុកជាំក្សាន្ត៕