(ភ្នំពេញ)៖ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៥ករណី នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសទាំង៤៥ករណី សមត្ថកិច្ចនគរបាលជាតិ បានក្រសោបចាប់ឃាត់ខ្លួនជសង្ស័យសរុបចំនួន៦៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ជាការកត់សម្គាល់ បើធៀបនឹងសប្ដាហ៍កន្លងទៅ ករណីបទល្មើសព្រហ្មទណ្ឌ ក្នុងសប្ដាហ៍ចុងក្រោយនេះ បានថយចុះ។ កាលពីសប្ដាហ៍កន្លងទៅនោះ នគរបាលជាតិបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌជិត៧០ករណី និងឃាត់ខ្លួនមនុស្សជាង៩០នាក់។

ឈរលើទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដៅយកការងារអាទិភាពចំនួន៦ ក្នុងនោះ ការបង្ការ និងបង្ក្រាបបទល្មើសក្នុងសង្គមក៏ជាអាទិភាពដែរ។

លោក ទូច សុឃៈ បានឱ្យដឹងថា អភិសន្តិបណ្ឌិត បានរម្លឹកជារឿយៗឱ្យអាជ្ញាធរមូលដ្ឋាន រួមទាំងកម្លាំងនគរបាលជាតិ យកចិត្តទុកដាក់ជំរុញអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងកៀរគរប្រជាពលរដ្ឋចូលរួមគាំទ្រឱ្យបានផុសផុលតាមទស្សនៈ «ប្រជាពលរដ្ឋម្នាក់ក៏ជានគរបាលមួយរូប»៕