(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់អង្គបោះឆ្នោត នៅក្នុងស្រុកតាំងគោក ដើម្បីត្រៀមបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១ នៃសន្លឹកឆ្នោត។

ពិធីនេះបានធ្វើឡើងនៅវត្តថ្លា ស្រុកតាំងគោក ដោយមានការចូលរួមពីលោកស្រី ឃួន ឃុនឌី បេក្ខភាពសមាជិកព្រឹទ្ធសភា នីតិកាលទី៥ លោក ឈាង វណ្ណារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងលោក លោកស្រីជាសមាជិកក្រុមការងារចុះជួយស្រុកតាំងគោក លោក ហាក់ ម៉ុងហួត ប្រធានគណបក្សស្រុកតាំងគោក និងសមាជិកក្រុមប្រឹក្សាឃុំ នៃស្រុកតាំងគោក ជាច្រើនរូបផងដែរ។

នាឱកាសនោះលោកស្រី ឃួន ឃុនឌី បានលើកឡើងថា ការបោះឆ្នោតនេះមានសារៈសំខាន់សូមឱ្យអង្គបោះឆ្នោតទាំងអស់ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំឱ្យមានកំហុស កុំឱ្យមានសន្លឹកឆ្នោតណាមួយដែលខូច និងមិនបានការឱ្យសោះ ត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ នឹងសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នឹងបន្តបោះឆ្នោតជូនគណបក្សប្រចាជនកម្ពុជា នៅក្នុងអាណត្តិទី៥ នីតិកាលទី៥ ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១។

នាឱកាសនោះដែរបន្ទាប់ពីលោក លុក សម្បត្តិ បានឡើងណែនាំ និងពន្យល់បន្ថែមពីរបៀបគូសសន្លឹកឆ្នោតរួចមក លោកបណ្ឌិត ថោង ខុន បានថ្លែងសំណេះសំណាល និងបានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឭកពីសម្តេចប្រមុខទាំង៣ គឺ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចទាំងបី តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជន ពិសេសសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាយើងទាំងអស់។

លោកបណ្ឌិត ថោង ខុន ក៏បានបញ្ជាក់ទៀតថា ការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ជាការបោះឆ្នោតអសកលផង ជាការជ្រើសតាំងដោយរដ្ឋសភាផង និងចាត់តាំងដោយព្រះមហាក្សត្រផង។ ការបោះឆ្នោតព្រឹទ្ធសភានេះគឺដើម្បីបន្តនិរន្តភាពការគ្រប់គ្រង និងអភិវឌ្ឍប្រទេស ពិសេសការបន្តថែរក្សាសន្តិភាពដែលយើងខំថែរក្សាជាយូរមកហើយ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវជ្រើសតាំងជា ប្រធានព្រឹទ្ធសភា។

បន្ថែមពីនេះលោកបណ្ឌិត ថោង ខុន បានបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ខាងមុខនេះ គឺជាការបោះឆ្នោតដែលប្រព្រឹត្តដោយរលូន សេរីភាព រក្សាការសម្ងាត់ និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ហេីយការបោះឆ្នោតនេះគឺកេីតចេញឆន្ទះរបស់ពលរដ្ឋ ដោយមិនមានការបង្ខិតបង្ខំ ឫគំរាមកំហែងដោយប្រការណាមួយនោះឡេីយ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យអង្គបោះឆ្នោតទាំងអស់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោត ថែរក្សាសុខភាពឲ្យបានល្អ កុំទៅណាឆ្ងាយៗ កុំពិសារគ្រឿងស្រវឹង និងទុកដាក់អត្តសញ្ញាណបណ្ណសម្រាប់បោះឆ្នោតឲ្យបានល្អ ដើម្បីបានទៅបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរលោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យមន្ត្រីជំនាញ បន្តខិតខំចុះឱ្យដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជួយដោះស្រាយការលំបាករបស់ពលរដ្ឋ ជាពិសេសនារដូវនេះត្រូវខិតខំចុះបូមទឹកជួយសង្គ្រោះស្រូវប្រាំរបស់ពលរដ្ឋ ដើម្បីកុំឱ្យមានការខូចខាតដោយសារខ្វះទឹកស្រោចស្រប។ ក្នុងនោះដែរកងកម្លាំងសមត្ថកិច្ចត្រូវខិតខំចុះបង្ក្រាប និងបិទល្បែងស៊ីសងក្នុងមូលដ្ឋានឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាព និងធ្វើឱ្យភូមិឃុំ ក្លាយជាភូមិឃុំមានសុវត្ថិភាពផដែរ៕