(ភ្នំពេញ)៖ គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរយៈពេល១សប្ដាហ៍ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៨៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន១៣នាក់ និងអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ចំនួន១៧៤នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងរូបនេះ បញ្ជាក់បន្ថែមថា ក្រោមការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងចំនួន៤ករណី ដែលមានជនសង្ស័យចំនួន១៣នាក់ បញ្ជូនទៅកាន់តុលាការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។ ក្រៅពីនេះចំនួន១៤៤ករណីទៀត ដែលមានអ្នកពាក់ព័ន្ធចំនួន១៧៤នាក់ រួមមាន៖
*ខេត្តបាត់ដំបង ១៣៦ករណី
*ខេត្តកំពត ៥ករណី
*ខេត្តតាកែវ ១ករណី
*ខេត្តប៉ៃលិន ១ករណី
*ខេត្តត្បូងឃ្មុំ ១ករណី។ នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មមិនឱ្យប្រព្រឹត្តតទៅទៀត។
លោក ទូច សុឃៈ លើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ក្រោមការដឹកនាំរបស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះទិសដៅអាទិភាពសំខាន់ៗ ជាពិសេសទិសដៅអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នេះ ក្នុងនោះក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ។
អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំខាងលើនេះ អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕