(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឲ្យនគរបាលប៉ុស្តិ៍ និងអធិការនគរបាលស្រុកក្រុងទាំងអស់ ត្រូវបញ្ឈប់មិនឲ្យមានបើកល្បែងស៉ីសងតាមទូរទស្សន៍អនឡាញ (ឆ្នោតឡូតូ) ទាំងអស់ផ្អាកជាបណ្តោះអាសន្ន។

ការបញ្ជារបស់លោកអភិបាលខេត្ត ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីខេត្ត បានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាបណ្ណក្នុងការផ្តល់សិទ្ធិ បើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះ សម្តេចធិបតីបានឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជាចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរ រួមបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ រួមទាំងគោលការណ៍ និងការគ្រប់គ្រង ល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

សម្តេចបានដាក់បញ្ជាឲ្យគណៈអភិបាលរាជធានីខេត្ត ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីនៅមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ការដកអាជ្ញាបណ្ណក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្តង៕