(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗរបស់អង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នំា ២០២៣ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៤ ស្តីពីផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ និងផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត។ ពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានវាយតម្លៃចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ពិសេសក្នុងសម័យសង្គ្រាមស៊ីវិល ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្នុងពេលសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ និងបទបញ្ជាមួយចំនួនរបស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទដែលបានថ្លែងក្នុងអង្គសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបានណែនាំយោធិនគ្រប់រូប ត្រូវចូលរួមយ៉ាងសកម្មក្នុងការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ មានជាអាទិ៍ការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ និងឆ្នាំខាងមុខ ការហ្វឹកហ្វឺនរៀនសូត្រពង្រឹង តួនាទីភារកិច្ច និងវិន័យរបស់កងកម្លាំង ការអភិវឌ្ឍន៍ធនធានមនុស្ស និងការគ្រប់គ្រងគ្រឿងសម្ភារបច្ចេកទេសយោធា តាមប្រព័ន្ធព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនគ្រប់រូប ត្រូវត្រៀមកម្លាំងអន្តរាគមន៍ដើម្បីចូលរួមសហប្រតិបត្តិការឲ្យបានល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយនានា ដោយស្មើភាពគ្នាក្នុងដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នៅពេលខាងមុខឱ្យទទួលបានសុវត្ថិភាព និងជោគជ័យ៕