(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយថ្កោលទោសគណបក្សភ្លើងទៀន ចំពោះទង្វើគំរាមកំហែងដល់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខាងមុខនេះ។

គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានចូលរួមយ៉ាងក្លាហាន ក្នុងការប្រកួតប្រជែងសម្រាប់ ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានឮការខកចិត្តយ៉ាងខ្លាំងក្នុងការឃើញ គណបក្សមួយចំនួនងាកចេញពីគោលការណ៍ប្រជាធិបតេយ្យ ដោយប្រើប្រាស់ការបំភិតបំភ័យ ការគំរាម កំហែង និងការគាបសង្កត់សិទ្ធិ និងសេរីភាពក្នុងការបោះឆ្នោតតាមឆន្ទៈរបស់អង្គបោះឆ្នោត ។

គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកថា សកម្មភាពបែបនេះមិនត្រឹមតែធ្វើឱ្យខូចដល់ក្រមសីលធម៌នៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែម ទាំងធ្វើឱ្យខូចដល់ខ្លឹមសារនៃដំណើរការបោះឆ្នោតដោយយុត្តិធម៌ ក្បត់តម្លៃមូលដ្ឋាននៃប្រព័ន្ធពហុបក្ស និងឧត្តមគតិនៃអភិបាលកិច្ចប្រជាធិបតេយ្យពិតប្រាកដ។ ជាការចាំបាច់ដែលគណបក្សនយោបាយត្រូវ ចៀសវាងការប្រព្រឹត្តិខុសច្បាប់ និងគេចវេះពីគោលការណ៍ណែនាំផ្សេងៗ នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា។

គណបក្សហ៊្វុនស៊ិនប៉ិច តស៊ូមតិដើម្បីលើកតម្កើង និងគោរពតាមមនសិការ សម្បជញ្ញៈរៀងៗ ខ្លួនរបស់អង្គបោះឆ្នោតជានិច្ច ជាមួយគ្នានេះដែរ គណបក្សសូមអំពាវនាវដោយស្មោះអស់ពីដួងចិត្តក្នុងការបោះឆ្នោតជូន គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទុកលទ្ធភាពថ្វាយ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដើម្បីដឹកនាំ បង្រួបបង្រួមអ្នកប្រជាធិបតេយ្យជំនាន់ថ្មីឲ្យមានភាពរឹងមាំ មានទំនុកចិត្តគ្រប់មជ្ឈដ្ឋាន និងពីប្រជារាស្ត្រខ្មែរឡើងវិញ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖