(កំពង់ធំ)៖ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ បានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថានផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាពាក្យស្លោក «លាហើយប្លាស្ទិក» និងយើងខ្ញុំទាំងអស់គ្នាប្តេជ្ញាមិនប្រើថង់ប្លាស្ទិកទេ ដល់សិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម និងវិទ្យាល័យ ហ៊ុន សែន ក្រវា ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក កែវ ផល បានឱ្យដឹងថា គុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកគឺផលិតឡើងពីប្រេងខ្មៅ និងសារធាតុគីមី (តូនិច) វាមានផលអាក្រក់ខ្លាំងណាស់ដល់បរិស្ថាន វាត្រូវការចំណាយពេលរហូតដល់ទៅ៥០០ឆ្នាំ ទើបរលាយនិងបញ្ចេញជាតិពុលដែលធ្វើអោយប៉ះពាល់ខ្លាំងដល់សភាវៈមានជីវិតទាំងលើដីនិងក្នុងទឹកពិសេសធ្វើអោយផែនដីឡើងកម្ដៅ ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។
លោក កែវ ផល អំពាវនាវសិស្សានុសិស្ស ប្រជាពលរដ្ឋទាំអស់សូមទុកដាក់សំរាមប្រកបដោយអនាម័យ និងមានសណ្ដាប់ធ្នាប់ល្អនៅតាមមូលដ្ឋាន ចៀសវាងការឆ្លងជំងឺផ្សេងៗ សូមចូលរួមកាត់បន្ថយការពិសាគ្រឿងកំប៉ុងដែលមានជាតិផ្អែមៗ ដើម្បីការពារនូវជំងឺផ្សេងៗ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន៕