(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណកម្មាធិការបក្សខេត្ត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅទីស្នាក់ការគណបក្សក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្ដាល។

លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ការបោះឆ្នោតនេះមានសារៈសំខាន់សូមឲ្យអង្គបោះឆ្នោតទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យមានកំហុស។ អ្នកបោះឆ្នោតត្រូវរួមគ្នា អនុវត្តនៅភារកិច្ច តាមសមត្ថកិច្ចទទួលខុសត្រូវរៀងៗខ្លួនឲ្យអស់ពីសមត្ថភាព លទ្ធភាព និងទទួលបានជោគជ័យជាមិនខាន ដើម្បីគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសកម្ពុជាតទៅមុខទៀត ដើម្បីសន្តិភាព និងវឌ្ឍនភាពយូរអង្វែង។

លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោតទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរបស់គណបក្ស ដោយត្រូវប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ និងត្រូវស្មោះត្រង់ ដើម្បីគណបក្ស និងប្រជាពលរដ្ឋ។

លោកបានជំរុញឲ្យប្រធានគណបក្សក្រុង-ស្រុកត្រូវតែត្រួតពិនិត្យ ពិសេសនោះគឺនៅថ្ងៃទី២៤ មុនមួយថ្ងៃឲ្យបានច្បាស់លាស់ថា តើក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោត មានឯកសារគ្រប់គ្រាន់ហើយឬនៅ? ប្រសិនបើមានការខ្វះចន្លោះនឹងចាត់វិធានការដោះស្រាយជាបន្ទាន់។

លោកបានលើកឡើងថា យោងតាមលិខិតជូនដំណឹងរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត មានគណបក្សនយោបាយមួយ ដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានធ្វើការគម្រាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនឲ្យបោះឆ្នោតឲ្យគណបក្សនេះ គណបក្សនោះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសម្រេចនៃអង្គបោះឆ្នោត។ ដោយឡែកលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានលើកឡើងថា បើនរណាមិនព្រមបោះឆ្នោតឲ្យគណបក្សដែលខ្លួនតម្រូវនោះទេអ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ នឹងត្រូវបណ្ដេញចេញពីសមាជិកបក្ស និងលុបឈ្មោះចេញពីបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ ហើយក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតចំពោះការគំរាមកំហែង បង្ខិតបង្ខំដល់អ្នកបោះឆ្នោត និងជំរុញឲ្យគណបក្សដែលបានចុះបញ្ជីស្របច្បាប់ត្រូវតែគោរពនីតិវិធី និងលក្ខន្តិកៈឲ្យបានត្រឹមត្រូវ។

លោក គង់ សោភ័ណ្ឌ សំណូមពរឲ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន ឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឲ្យបានល្អ ដើម្បីរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕