(កំពង់ធំ)៖ បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ក្រុមការងារចុះបញ្ជីដីក្នុងខេត្តកំពង់ធំ បានវាស់វែងជូនប្រជាពលរដ្ឋជាបន្ទាន់ លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ ស្នើអាជ្ញាធរ និងប្រជាពលរដ្ឋជាម្ចាស់ដីក្នុងតំបន់កាត់ឆ្វៀលចូលរួមជាមួយមន្ត្រីជំនាញដើម្បីវាស់វែងបានទាន់ពេល និងឆាប់រហ័ស។

លោក អ៊ឹម សុឌីណា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្នើឲ្យក្រុមការងារវាស់វែងទាំងអស់ ខិតខំប្រឹងប្រែងបំពេញកិច្ចការងារវាស់វែងដីប្រកបទៅដោយប្រសិទ្ធភាព តម្លាភាព និងទទួលខុសត្រូវ។

លោកបញ្ជាក់ថា ការចុះវាស់វែងនេះនិងចាប់ផ្ដើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះដែលមានស្រុកចំនួន៦ គឺស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ដោយរៀបចំផែនការ ត្រឹមរយៈពេល៣ខែ បូករួមការវាស់វែង ប្រមូលទិន្នន័យ និងបិទផ្សាយ ព្រមទាំងលើកសំណើស្នើសុំចេញប័ណ្ណប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋ តាមរយៈគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្តទៅក្រសួង ដើម្បីពិនិត្យនិងសម្រេច រហូតមកដល់ពេលនេះ មការងារវាស់វែងគិតមកដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រួមមាន៖

*ស្រុកតាំងគោក ឃុំទ្រៀល ភូមិគោកត្របែក ២០១ក្បាលដី
*ស្រុកបារាយណ៍ ឃុំបារាយណ៍ ភូមិចតុលោក ៣២ក្បាលដី
*ស្រុកសន្ទុក ឃុំព្នៅ ភូមិត្រើយអូរ ៥៤ក្បាលដី
*ស្រុកកំពង់ស្វាយ ឃុំកំពង់គោ ភូមិខ្សាច់ជីរស់ ៣៩៤ក្បាលដី និងភូមិកំពង់គោក្រោម ៤៨១ក្បាលដី
*ស្រុកស្ទោង ឃុំចំណារក្រោម ភូមិជីអាប់ ១៥០ក្បាលដី និងតំបន់វិនិច្ឆ័យ ៥០ក្បាលដី
*ក្រុងស្ទឹងសែន សង្កាត់ស្រយ៉ូវ មាន៦ភូមិ ស្មើ២៨០ក្បាលដី៕