(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុជ វិតី អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួននេះ ពាក់ព័ន្ធករណីប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់សារធាតុញៀន កាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។

ក្រោយការឃាត់ខ្លូន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖ ឯកសណ្ឋានពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញា អ.ហ ចំនួន១ឈុត ស្បែកជើងកវែងចំនួន១គូរ ស្បែកជើងកខ្លីចំនួន១គូ មួកឆាងពណ៌ទឹកប៊ិចចំនួន១ មួកប៉េរ៉េចំនួន១ ខ្សែក្រវាត់ពណ៌ខ្មៅចំនួន១ ខ្សែក្រវាត់ធំ (ស៊ិនណារុង) ចំនួន១ វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន១ អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន១ ពិលពណ៌ខ្មៅចំនួន១ ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន១ កាបូបស្ពាយពណ៌ខ្មៅចំនួន១ កាបូបដាក់ប្រាក់ចំនួន១ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន១សន្លឹក។

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានទទួលព័ត៌មានពីប្រធានមណ្ឌល អភិវឌ្ឍយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រថា មានករណីប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថនៅចំណុចខាងលើ និងបានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក ដើម្បីចុះទៅពិនិត្យមើល។ ក្រោយពីទទួល បានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងបាននាំឈ្មោះ គុជ វិតី មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ, ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថពិតប្រាកដមែន ហើយខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ បន្ទាប់មកកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ។

ដោយផ្អែកលើចម្លើយសារភាព និងមានឯកសណ្ឋានដែលជាវត្ថុតាងជាក់ស្តែង, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕