(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារ ជាមួយលោក Yousef bin Ahmed Al-Kuwari នាយកប្រតិបត្តិ នៃអង្គការសប្បុរសធម៌កាតា (Qatar Charity) នៅស្នាក់ការអង្គការផ្ទាល់ ក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកបណ្ឌិត បានលើកឡើងពី សមិទ្ធផលនៃសុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលកម្ពុជាទទួលបានដោយសារគុណបំណាច់ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្នុងនោះ សហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។

លោកបានស្នើឲ្យអង្គការសប្បុរសធម៌កាតា ផ្តល់ជំនួយមនុស្សធម៌ផ្សេងៗ ដល់កម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រក្រី ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះទឹកជំនន់ និងភ្លើងឆេះផ្ទះ ខណៈថ្នាក់ដឹកនាំកម្ពុជា តែងតែចុះជួប និងចែកជាអំណោយនានា ក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋដែលរងគ្រោះ។ ទន្ទឹមគ្នានេះ លោកបានស្នើសុំកញ្ចប់អាហារខែរ៉ាម៉ាឌន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា ខណៈបុណ្យនេះ នឹងខិតមកដល់ក្នុងខែមីនា ខាងមុខនេះ។

ជាការឆ្លើយតប នាយកប្រតិបត្តិអង្គការសប្បុរសធម៌កាតា បានបង្ហាញអាម្មរណ៍សប្បាយរីករាយ និងកោតសរសើរ ជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានស្តាប់ការរៀបរាប់ លោកបណ្ឌិត អូស្មាន ហាស្សាន់ អំពីស្ថានភាពសហគមន៍ឥស្លាមកម្ពុជា ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។

លោកនាយកប្រតិបត្តិអង្គការសប្បុរសធម៌កាតា បានសន្យាថា នឹងផ្តល់ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ដល់កម្ពុជា តាមរយៈអង្គមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ចែកជូនសាសនិកឥស្លាម ដែលមានជីវភាពខ្វះខាត នៅតាមបណ្តាខេត្តមួយចំនួន។

សូមជម្រាបថា អង្គការសប្បុរសធម៌កាតា ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលបាននឹងកំពុងធ្វើការក្នុងវិស័យអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩២។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ អង្គការនេះ បានចំណាយថវិកា ជាង១.២ពាន់លានដុល្លារ លើការងារមនុស្សធម៌ និងការអភិវឌ្ឍន៍ ដែលបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ២៩លាននាក់ ជុំវិញពិភពលោក ក្នុងវិស័យមនុស្សធម៌ និងការអភិវឌ្ឍន៍ ជាច្រើន ដូចជា ការអប់រំ សុខភាព ទឹកស្អាត អនាម័យ អាហារ ការពង្រឹងសេដ្ឋកិច្ច កុមារភាព និងភាពសុខដុមរមនា។ នេះបើតាមផេកផ្លូវការ របស់ Qatar Charity៕