(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយលោក Ghanem bin Shaheen bin Ghanem Al Ghanim រដ្ឋមន្ត្រីគរុភ័ណ្ឌ(Awqf) និងកិច្ចការឥស្លាម នៃរដ្ឋកាតា នៅទីក្រុងដូហា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អមដំណើរដោយលោក ស្មាន ម៉ាណាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋកាតា ដែលមាននិវេសនដ្ឋាន ក្នុងរដ្ឋកូវ៉ែត។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រីបាន ស្នើឲ្យកាតាពិនិត្យលទ្ធភាព ជួយដល់សហគមន៍ឥស្លាមកម្ពុជា ដូចជា ជួយផ្តល់ជាទស្សនៈក្នុងការរៀបចំច្បាប់គ្រប់គ្រងគរុភ័ណ្ឌឥស្លាម និងថវិកាបរិច្ចាគ (Zakat) ដោយបញ្ជូនក្រុម អ្នកជំនាញមកកម្ពុជា ដើម្បីផ្តល់ជាបទពិសោធន៍ និងចំណេះដឹងផ្សេងៗទាក់ទងនឹងការរៀបចំប្រព័ន្ធគ្រប់គ្រងបរិច្ចាគ (Zakat) ឬអញ្ជើញភាគីកម្ពុជា ទៅរដ្ឋកាតា ដើម្បីស្វែងយល់ជុំវិញករណីខាងលើ។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រី ជួយពិនិត្យលទ្ធភាព ក្នុងការជួយដល់សិស្សនិស្សិតក្រីក្រកម្ពុជា ដែលខ្វះខាតក្នុងការបង់ថ្លៃសាលារៀន នៅបណ្តាប្រទេសផ្សេងៗ និងបង្កើនចំនួនអាហារូបករណ៍ ដល់សិស្សនិស្សិតឥស្លាមកម្ពុជា ដើម្បីឱ្យមានឱកាសបាន ទៅសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ នៃវិទ្យាស្ថានសាសនា នៃរដ្ឋកាតា។

ជាមួយគ្នានេះ លោកបានជម្រាបពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានឯកភាព ជាគោលការក្នុងការជួយផ្តល់ជាទស្សនៈ ឬការផ្តល់ជាបទពិសោធន៍ផ្សេងៗជុំវិញការបង្កើតប្រព័ន្ធគ្រប់គ្រងថវិកាបរិច្ចាគតាមច្បាប់ឥស្លាម។ លោករដ្ឋមន្ត្រីក៏បានឲ្យក្រុមការងាររបស់លោកធ្វើការសិក្សាជុំវិញលទ្ធភាពជួយ ដល់សិស្សនិស្សិតកម្ពុជាដែលកំពុងជួបការលំបាកក្នុងការបង់ថ្លៃសាលារៀន នៅបរទេស។

ជាចុងបញ្ចប់ លោកបានសម្តែងនូវអារម្មណ៍រីករាយ និងគាំទ្រជាខ្លាំង ដែលរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅ ដោយមិនមានការរើសអើង ជាពិសេសនោះ គឺសហគមន៍ឥស្លាមកម្ពុជា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការងាយស្រួលប្រតិបត្តិសាសនា និងធ្វើការងារផ្សេងៗ៕