(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ និងបើកបរដោយស្វ័យទទួលខុសត្រូវ ដោយមិនត្រូវគិតតែរឿងខ្លាចនគរបាលចរាចរណ៍ចាប់នោះទេ។
ការអំពាវនាវនេះ បានធ្វើឡើង ក្នុងឱកាសដែល សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចបញ្ជាក់ដូច្នេះថា៖ «រឿងប៉ូលិសចាប់ រឿងប៉ូលិសបាញ់(ល្បឿន)មិនបាញ់ យើងពុំគួរព្រួយបារម្ភពេកថា នៅកន្លែងណា អ្វីដែលយើងគួរតែព្រួយបារម្ភ ហើយយកចិត្តទុកដាក់ គឺថា ប្រជាពលរដ្ឋរបស់យើងមានការស្វ័យទទួលខុសត្រូវ ក្នុងការបើកបរដោយបើកបរមិនលើសល្បឿន និងបើកបរដោយមិនប្រើគ្រឿងស្រវឹង អាហ្នឹងជាការងារល្អ»។
កាលពីពេលថ្មីៗនេះ នគរបាលខេត្តកំពត បានដាក់ស្លាកសម្គាល់នៅលើផ្លូវជាតិលេខ៣ ដោយផ្តល់ដំណឹងដល់អ្នកបើកទាក់ទងនឹងការកំណត់ល្បឿន ក្រោម៨០គីឡូម៉ែត្រក្នុងមួួយម៉ោង។ ស្លាកសម្គាល់នេះ ក៏ដាក់បន្ថែមរូបនគរបាលចរាចរណ៍ ឈរបាញ់ល្បឿនផងដែរ។
រូបនៃស្លាកសម្គាល់នេះ ត្រូវបានគេបញ្ជូនទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចបានលើកឡើងថា ប្រសិនបើដាក់ស្លាកបញ្ជាក់បែបនេះ អាចធ្វើឱ្យអ្នកបើកបរល្មើស បន្ថយល្បឿននៅកន្លែងលើកស្លាក តែអាចបង្កើនល្បឿនកន្លែងដែលគ្មានស្លាក។
«អ្នកបើកបរអាចរួចខ្លួន ប៉ុន្តែប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនោះ គឺមានការភិតភ័យរហូត អ្នកដែលរស់នៅកន្លែងដែលដាក់ស្លាក មិនសូវភ័យនោះទេ ប៉ុន្តែអ្នកនៅកន្លែងផ្សេង នឹងផិតភ័យ ដោយសារឡាននៅតែបុកមនុស្សនៅតែស្លាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេច។
សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងមិនគិតថា បើកបរកន្លែងណាកុំឱ្យប៉ូលិសចាប់នោះទេ ប៉ុន្តែសម្តេចសូមឱ្យគិតថា បើកបរដោយទទួលខុសត្រូវ ដោយខ្លួនមិនចង់ធ្វើជាឃាតករសម្លាប់អ្នកផ្សេង ឬមួយធ្វើឱ្យខូចទ្រព្យសម្បត្តិខ្លួនឯងទេ។
សម្តេចបានលើកឧទាហរណ៍អំពីករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿននាថ្មីៗនេះ ដែលមនុស្សមួយរថយន្តស្លាប់ស្ទើរតែទាំងអស់នៅសល់តែម្នាក់ប៉ុណ្ណោះ។ សម្តេចចង់ឱ្យប្រជាពលរដ្ឋបើកបរដោយមានការទទួលខុសត្រូវ ប្រុងប្រយ័ត្នដោយខ្លួនឯង ហើយកុំខ្លាចប៉ូលិសចាប់ឱ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ កុំព្យាយាមគេចខ្លួន ប៉ុន្តែត្រូវចូលខ្លួនទទួលខុសត្រូវផងដែរ៕