(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សន្និបាតបូកសរុបលទ្ធផលការងារនេះ ត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់។
ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារដែល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ តាំងពីលើកទី១ រហូតមកដល់លើកទី៨ នៅឆ្នាំ២០២៣ កន្លងទៅនេះ។
ជោគជ័យទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់បាន ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយកន្លងមកសម្តេច តែងតែយកចិត្តទុកដាក់ណែនាំតម្រង់ទិស ដាក់ចេញនូវគោលនយោយបាយនានា ធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានភាពមុតស្រួច និងប្រកបដោយស័ក្តសិទ្ធិភាព។
ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានអះអាងទៀតថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុត ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឲ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូល នៃបញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាជន។ ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី៩ ក៏ដូចជា បង្កើតគណៈបញ្ជាការយុទ្ធនាការ សម្រាប់អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យ ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។
លោកសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពុំមែនជាភារកិច្ច និងការទទួលខុសត្រូវ របស់សមត្ថកិច្ចអនុវត្តន៍ច្បាប់តែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។ ការបង្ក្រាបតែមួយមុខពិតជាពុំអាចឆ្លើយតបទៅនឹងសភាពការណ៍ និងលុបបំបាត់គ្រឿងញៀនចេញពីប្រទេសយើងបាននោះទេ ត្រូវទាមទារឲ្យមានការអប់រំយល់ដឹងការចូលរួមពីសហគមន៍ និងការសហការជួយគ្នា ក្នុងការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និង ធ្វើសមាហរណកម្មក្នុងសង្គម។
សន្និបាតនាថ្ងៃនេះ ផ្តោតទៅលើទិសដៅការងារអាទិភាពចំនួន៥ក្នុងនោះ រួមមាន៖ ១៖ ការងារផ្សព្វផ្សាយ និងអប់រំ, ២៖ ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ, ៣៖ ការងារព្យាបាល ស្តារនីតិ សម្បទា និងសមាហរណកម្ម, ៤៖ ការងារពង្រឹង ប្រសិទ្ធិភាពអនុវត្តច្បាប់ និង៥៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា លទ្ធផលការងារដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចបាននាពេលកន្លងមករួមមាន៖
*ទី១៖ ការងារផ្សព្វផ្សាយ អប់រំ បានធ្វើសកម្មភាពប្រកបដោយវិធីសាស្រ្តជាក់ស្ដែង តាមមធ្យោបាយ សមស្រប ហើយគ្របដណ្តប់លើអ្នកដែលបានទទួលនូវសារអប់រំពីបញ្ហាគ្រឿងញៀនមាន ចំនួន១៥,៧៩៨,៩១៤ អង្គ/នាក់ (ក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង) ធៀបឆ្នាំ២០២២ (១៥,៣១៤,៥៨១អង្គ/នាក់) ច្រើនជាង៤៨៤,៣៣៣អង្គ/នាក់។
*ទី២៖ ការងារព្យាបាល ស្តានីតិសម្បទា និងសមាហរណកម្ម បានគ្រប់គ្រងអ្នកប្រើប្រាស់ និងអ្នកញៀន គ្រឿងញៀនចំនួន២៣,០៤៦នាក់ ធៀបនឹងឆ្នាំ២០២២ (២២,២១៣នាក់) មានចំនួនច្រើនជាង៨៣៣នាក់។
*ទី៣៖ ការអនុវត្តវិធានការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨៖
បង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨,០៦៣ករណី/៦,៣៩០ករណី ច្រើនជាង១,៦៧៣ករណី កើនលើស២៦.១៨%។ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០,០០២នាក់/១៥,០០២នាក់ ច្រើនជាង៥,០០០នាក់ កើនលើស៣៣.៣៣%
គ្រឿងញៀនចាប់យកបានចំនួន ២តោន ៩៨៨គីឡូក្រាម ៩០២.៨៣ក្រាម/១៤តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម តិចជាង១១តោន ៩៣០គីឡូក្រាម ៥៦៤.២៤ក្រាម គឺប្រមាណតែ១ភាគ៥ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២។
សារធាតុគីមីផ្សំ រឹបអូសបាន ១តោន៤៦៩គីឡូក្រាម/៤៧៦តោន១១៦គីឡូក្រាម តិចជាង៤៧៤តោន៦៤៧គីឡូក្រាម គឺតិចជាងប្រមាណជាង៤០០ដង បើធៀបនឹងឆ្នាំ២០២២។ រួមទាំងមធ្យោបាយ សម្ភារ និងឧបករណ៍ កែច្នៃផលិតគ្រឿងញៀន ដែលបានចាប់យកក្នុង ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានបញ្ចូនទៅសាលាដំបូងរាជធានី ខេត្ត ជាច្រើនផងដែរ។
*ទី៤៖ បានអនុញ្ញាតឱ្យនាំចូលនូវសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលកំណត់ក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន សរុបចំនួន១៣១,៧៥៨តោន១៣៥គីឡូក្រាម។
*ទី៥៖ បានដុតកម្ទេច និងបន្សាបនូវគ្រឿងញៀននិងសារធាតុពាក់ព័ន្ធសរុបចំនួន ៣៤៧តោន ៣៣៨គីឡូក្រាម៩៤០.០៧ក្រាម និង១,២០៧គ្រាប់។
*ទី៦៖ បានសហការសម្របសម្រួលអនុវត្តយន្តការ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ជាមួយប្រទេសជាប់ព្រំដែន ប្រទេសក្នុងអនុតំបន់ តំបន់អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាបានបង្កើនសកម្មភាពក្នុងន័យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងទាំងជាមួយប្រទេសជាប់ព្រំដែន៕