(ពោធិ៍សាត់)៖ បុរសខ្មែរឥស្លាមម្នាក់ ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍រលាប ឃាត់ខ្លួនពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចព្រះវិហារឥស្លាម ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ឈន រិទ្ធ អធិការក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនោះ មានឈ្មោះ ម៉ាន ម៉ាត់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិសង្កាត់កើតហេតុខាងលើ។
លោកអធិការបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍របស់លោក បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យឃើញថា ឈ្មោះ ម៉ាន ម៉ាត់ បានជេរប្រមាថ និងដាល់ទ្វារកញ្ចប់រ៉ៃបាន់ បែក១ផ្ទាំង ព្រមទាំងបំផ្លិចបំផ្លាញសម្ភារៈមួយចំនួនទៀត ដែលមាននៅក្នុងព្រះវិហារឥស្លាមនោះ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលាប បញ្ជូនខ្លួនទៅអធិការនគរបាល ក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ចាត់ការតាមនីតិវិធី៕