(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន BYD ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
នាឱកាសនោះលោករដ្ឋលេខាធិការ ពៅ ម៉ាលី ក៏បានគូសបញ្ជាក់ពីសន្ទុះនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយ៉ាងឆាប់រហ័ស ដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍នៃការប្រើប្រាស់ មានផលចំណេញច្រើន បើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង ដូចជាការសន្សំសំចៃលើការប្រើប្រាស់ ការថែទាំ និងមិនបំពុលបរិស្ថាន។
ទន្ទឹមនឹងការកើនឡើងនេះ កម្ពុជាត្រូវការគោលនយោបាយ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យបានទូលំទូលាយ ដែលការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាលពិតជាមានសារៈសំខាន់មិនអាចខ្វះបានក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា៕