(បន្ទាយមានជ័យ)៖ លោក សេរី កុសល អ្នកតំណាងរាស្ត្រ និងជាអនុប្រធានក្រុមការងារបក្សចុះជួយខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះតាមបណ្តាឃុំនានានៃស្រុកភ្នំស្រុក ដើម្បីពិនិត្យមើលអង្គបោះឆ្នោត នៅតាមឃុំទាំង៦ ដោយបានផ្តល់នូវសារនយោបាយ ដល់អង្គបោះឆ្នោតចំនួន ៣៥រូប ដែលត្រូវបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលនោះ លោក សេរី កុសល បានថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំង៣៥រូប និងសកម្មជនដែលចូលរួមចំនួនប្រមាណ ៤០០នាក់ ដែលបានមកជួបជុំគ្នានៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកបានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចជាតួអង្គដ៏សំខាន់ នៅក្នុងអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅដល់អង្គបោះឆ្នោតទាំងអស់។

លោកបានលើកឡើងពី អត្ថប្រយោជន៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលសម្តេចតេជោ ហ៊ុន សែន គឺជាបេក្ខភាពមួយរូប នៅក្នុងអង្គបោះឆ្នោត ដែលទាំងអស់គ្នាត្រូវខិតខំប្រមូលគ្រប់សមាជិកបក្សទាំងអស់ ដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមទាំងត្រូវគោរពនូវគោលការណ៍ ដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។

លោកបន្តថា ក្រោយការបោះឆ្នោតសមាជិកព្រឹទ្ធសភាហើយនោះ នៅពេលខាងមុខនឹងមានការបោះឆ្នោតក្រុមប្រឹក្សាស្រុក-ខេត្តបន្តទៀត ដូច្នេះអង្គបោះឆ្នោតទាំងអស់ ដែលជាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ពិតជាសំខាន់ណាស់។

លោក សេរី កសុល បាននិយាយបែបកំប្លែងតែមានអត្ថន័យ ដោយប្រាប់ដល់អង្គបោះឆ្នោតទាំង ៣៥រូបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ដែលជាថ្ងៃបោះឆ្នោត អង្គបោះឆ្នោតទាំងអស់ហាមស្លាប់ ហាមឈឺ និងហាមរវល់ គឺត្រូវត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សកម្មជនគណបក្សផ្សេងទៀត ដែលគណបក្សរបស់ខ្លួន មិនបានចូលរួមការបោះឆ្នោត ហើយបក្សខ្លះបានចូលរួមបោះឆ្នោត តែមេបក្សកំពុងប្រព្រឹត្តបទល្មើសផ្សេងៗនោះ សូមកុំមានការភ័យខ្លាច អញ្ជើញទៅបោះឆ្នោត ហើយប្រសិនបើយល់ថាបក្សរបស់ខ្លួន មិនមានប្រយោជន៍សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាទេនោះ បងប្អូនត្រូវយល់ថា កាបោះឆ្នោតសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតសម្រាប់ឱ្យតម្លៃនៃសន្លឹកឆ្នោតរបស់ខ្លួន គឺការបង្រួបបង្រួមជាតិ អាចបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបាន។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាលនេះ មានការទទួលទានអាហារសាមគ្គីពេលល្ងាចចំនួន ៤៥តុ និងមានតន្ត្រីស្គរដៃ ប្រគំកំដរបរិយាកាសយ៉ាងសប្បាយរីករាយ៕