(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបានយ៉ាងជោគជ័យ។
សម្រាប់អនុសាសន៍ណែនាំចំណុចទី១២ របស់សម្តេចធិបតី ឱ្យក្រសួងការងារត្រូវបន្តពង្រីកវិសាលភាព និងពង្រឹងរបបសន្តិសុខសង្គម តាមរយៈការពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការការងារ របស់បេឡាជាតិសន្តិសុខសង្គម «ប.ស.ស», ការពិនិត្យការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមដល់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃទៀត, និងការជំរុញការពិភាក្សា និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរទិន្នន័យសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្តៅអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ។
ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម-នយោបាយនៅកម្ពុជា បានបញ្ជាក់ថា ជាអនុសាសន៍ណែនាំដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះកន្លងមកពលរដ្ឋទាំងនេះ មិនទាន់យន្តការគាំពារសង្គមណាមួយសម្រាប់ពួកគាត់នោះទេ។
តែយ៉ាងណាសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយដែលអាចឱ្យពលរដ្ឋធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានសេវាថែទាំសុខភាព របស់បេឡាជាតិសន្តិសុខសង្គម «ប.ស.ស» ដែលការណ៍នេះជារឿងគួរឱ្យសាទរខ្លាំងណាស់។
លោកបណ្ឌិត គិន ភា បានបន្ថែមទៀតថា សម្រាប់របបសន្តិសុខសង្គមនេះ គឺមានអត្ថប្រយោជន៍ដល់មហាសាលសម្រាប់ប្រជាពលរដ្ឋ ហើយប្រសិនបើមានការពង្រីកវិសាលភាពកាន់តែទូលំទូលាយថែមទៀតនោះ លោកគិតថានេះគឺជាការជួយជាក់ស្តែងចំពោះពលរដ្ឋពីសំណាក់រដ្ឋាភិបាល។
លោកបណ្ឌិតបញ្ជាក់ទៀតថា យ៉ាងដើម្បីសម្រេចនូវអនុសាសន៍ណែនាំរបស់សម្តេចធិបតី គឺចាំបាច់ត្រូវមានក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗទៀត ដើម្បីជាធាតុចូលធ្វើយ៉ាងណាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។
ជាថ្មីម្ដងទៀត លោកបណ្ឌិត គិន ភា បានជឿជាក់ថា នៅពេលអនាគត របបសន្តិសុខសង្គមនេះនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប៕